ភ្នំពេញៈ លោក ប៉ឹល កុសល អភិបាលនៃអភិបាលខណ្ឌសែនសុខ បានបង្កើតគណៈកម្មការចម្រុះមួយដែលមានប៉ូលិស ប៉េអឹម និងតុលាការ ផងមកចូលរួមឆែកឆេរឃ្លាំងរក្សាទុកម៉ូតូនិងរថយន្តរបស់ហាងទទួលដាក់បញ្ចាំ ឬហៅថា«កុងស៊ី»មួយកន្លែង រកឃើញម៉ូតូនិងរថយន្តចំនួន៨៤គ្រឿង កាលពីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលគេសង្ស័យថា មិនស្របច្បាប់ ឬអាចមានការពាក់ព័ន្ធនឹងបទល្មើស។
នៅក្នុងប្រតិបត្តិការឆែកឆេនេះ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌ លោក ហោ វាសនា អភិបាលរងខណ្ឌនិងលោក សុខ ឧត្តម មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ លោក គួក សុខហួ អធិការរងនគរបាលខណ្ឌសែនសុខនិងអាជ្ញាធរពាក់ព័ន្ធជាច្រើនទៀត។
ជាក់ស្តែងក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញម៉ូតូគ្រប់ប្រភេទ និងស៊េរីទំនើបចំនួន៧៤គ្រឿង និងរថយន្តចំនួន១០គ្រឿងទៀត ហើយក្នុងចំណោមនោះ គេរកឃើញមានម៉ូតូចំនួន៥១គ្រឿង គ្មានស្លាកលេខនិងឯកសារគ្រប់គ្រាន់ ចំណែកឯរថយន្ត១០គ្រឿងមានឯកសារគ្រប់គ្រាន់តែ២គ្រឿង។
ក្នុងនោះដែរ លោក សុត ពិសិដ្ឋ អាយុ៣៣ឆ្នាំ ជាម្ចាស់ហាងបញ្ចាំ ពិសិដ្ឋ ហ្វាស់ ឃេស ដែលកំពុងមានបញ្ហានេះបានបំភ្លឺប្រាប់សមត្ថកិច្ចថា គាត់មានច្បាប់អនុញ្ញាតមកពីខាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានសុពលភាពរហូតដល់ឆ្នាំ២០២០ ប៉ុន្តែសមត្ថកិច្ចបែរជាថា លោកធ្វើអាជីវកម្មមិនស្របច្បាប់ទៅវិញ។
រីឯខាងសមត្ថកិច្ចវិញពន្យល់ប្រាប់ពួកគាត់ថា ក្រុមហ៊ុននេះមិនបានសុំច្បាប់ទីតាំងបើកអាជីវកម្មត្រឹមត្រូវពីអាជ្ញាធរដែនដីដោយដាក់ផ្លាកយីហោ នៅឯភូមិស្លែងរលើងនៅក្បែរសាលាយ៉ាម៉ាប៊ីកូ តែបែរជាយកយានយន្តដែលគេបានដាក់បញ្ចាំមកលាក់ទុកនៅភូមិចុងថ្នល់ខាងលិចនៅក្រោយវត្តទឹកថ្លាវិញ ដោយសារសភាពបែបនេះហើយទើបនាំឲ្យមានការមិនស្របច្បាប់ឈានដល់ការឆែកឆេរបែបនេះ។
ទោះបីយ៉ាងណាសមត្ថកិច្ច មិនបានដកហូតយកយានយន្តនោះ១គ្រឿងណានៅឡើយទេ ដោយរង់ចាំម្ចាស់ឃ្លាំងកុងស៊ី នេះ ប្រមូលឯកសារមកបង្ហាញសមត្ថកិច្ចឲ្យបានគ្រប់គ្រាន់សិនទើបអាចបន្តឲ្យដំណើរការបើកអាជីវកម្មនេះបន្តទៀត
ដែលភ្លាមៗនេះ លោក ស៊ិន វរៈ ព្រះរាជអាជ្ញារងនៃតុលាការ សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជារឲ្យបិទផ្លុំបេទ្វារឃ្លាំងនេះជាបណ្តោះអាសន្នសិនដើម្បីធ្វើការស្រាវជ្រាវបន្តរកប្រភពម៉ូតូឡានទាំងនោះបានមកពីប្រភពណាខ្លះដែលសមត្ថកិច្ចបានសង្ស័យក្រែងអាចមានពាក់ព័ន្ធក្នុងការទទួលផលចោរកម្ម។
រហូតមកដល់ព្រឹកថ្ងៃទី១៦នេះ ខែសីហា ឆ្នាំ២០១៧ គណៈកម្មការចម្រុះដោយមានការចូលរួមពីលោក ប៉ឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ អភិបាលរងខណ្ឌ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ លោក ព្រំ សក្កដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ និងមានការសម្របសម្រួលពីលោក ស៊ិន វរៈ ព្រះរាជអាជ្ញារងនៃតុលាការ សាលាដំបូងរាជធានីភ្នំពេញ ផងដែរ។
ក្នុងប្រតិបត្តិការនោះគណៈកម្មការចម្រុះបានដកហូតម៉ូតូដែលគ្មានឯកសារត្រឹមត្រូវចំនួន៥១គ្រឿងរថយន្តចំនួនគ្រឿង និងកង់បី១គ្រឿងយកទៅរក្សាទុកនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការរាជធានីភ្នំពេញ។
ក្នុងនោះដែលោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការរាជធានីភ្នំពេញបានសំណូមពរដល់បងប្អូនណាដែលបាត់ម៉ូតូរឺរថយន្តសូមយកឯកសារពាក់ព័ន្ធទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការរាជធានីភ្នំពេញ ដើម្បីផ្ទៀងផ្ទាត់ បើឃើញថាត្រឹមត្រូវនិងទទួលបានម៉ូតូយកទៅប្រើប្រាស់វិញ៕
https://youtu.be/HEsOlRqdNwc
មតិយោបល់