ព័ត៌មានជាតិ

ប្រទេសនៅមជ្ឈឹមបូព៌ានិងរដ្ឋឥស្លាមមួយចំនួនកំពុងចាប់អារម្មណ៍ចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា

ភ្នំពេញ: ដោយមើលឃើញពីស្ថានភាពនយោបាយនៅកម្ពុជាមានភាពល្អប្រសើរ មានសុខសន្តិភាព និងមានស្ថេរភាព បណ្តាប្រទេសនៅមជ្ឈឹមបូព៌ា រួមទាំងរដ្ឋឥស្លាមមួយចំនួនផងនោះ បានចាប់អារម្មណ៍ចង់មកវិនិយោគលើវិស័យសំខាន់ជាច្រើន ក្នុងនោះគេចាប់អារម្មណ៍ខ្លាំងលើវិស័យ ពាណិជ្ជកម្ម ធនាគារ ហិរញ្ញវត្ថុ ការវិនិយោគលើវិស័យសេដ្ឋកិច្ចបែបទំនើប វិស័យសិក្សាធិការ បច្ចេកទេស ទេសចរណ៍ ហាឡាល់(ម្ហូបអាហារ) ថាមពលប្រើដោយចរន្ធទឹក និងវិស័យសុខាភិបាល នៅក្នុងប្រទេសកម្ពុជា។

លោកឧកញ៉ា ឧស្មាន់ ហាសាន់ ប្រតិភូអមនាយករដ្ឋមន្រ្តី និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងបា្រប់ក្រុមអ្នកសារព័ត៌មាននៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ កាលពីល្ងាចថ្ងៃទី៥ សីហា ឆ្នាំ២០១៦នេះថា បន្ទាប់ពីបានដឹកនាំគណ:ប្រតិភូកម្ពុជា ទៅចូលរួមក្នុងវេទិកាសេដ្ឋកិច្ចឥស្លាមពិភពលោក «World Islamex Forume ហៅកាត់ថា WIF» លើកទី១២ ដែលបានធ្វើនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី រយ:ពេលប៉ុន្មានថ្ងៃមកនេះ មានបណ្តាប្រទេសមួយចំនួននៅមជ្ឈឹមបូព៌ា រួមនឹងរដ្ឋឥស្លាមបានសម្លឹងឃើញពីលទ្ធភាពដើម្បីមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ។

លោកឧកញ៉ា ឧស្មាន់ ហាសាន់ បានមានប្រសាសន៍ទៀតថា ការដែលគេចង់មកវិនិយោគនៅកម្ពុជា គឺគេមិនបានគិតថាជាជនមូស្លីម ឬក៏ជាជាតិសាសន៍ណាមួយនោះទេ គឺគេសម្លឹងឃើញកម្ពុជាមានសក្កតានុពលជាច្រើន មានដីនៅធំទូលាយ មានកសិផលជាប្រភពវត្ថុធាតុដើម និងមានកម្លាំងពលកម្មច្រើនមានតម្លៃសមរម្យ ដែលអាចវិនិយោគមានផលចំណេញដល់ប្រទេស និងប្រជាជនទាំងពីប្រទេស ពិសេសដើម្បីបង្កើតទំនាក់ទំនងអន្តរជាតិរវាងបណ្តាប្រទេសនៅលើពិភពលោកនិងបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ដោយបើកចំហរជើងមេឃទទួលទេសចរណ៍ និងអ្នកវិនិយោគិនបរទេស តាមទស្សនទានរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកឧកញ៉ាបានបញ្ជាក់ថា “នៅក្នុងវេទិកានោះដែរ គេក៏បានលើកសរសើរកម្ពុជាយើង ជាពិសេសការដឹកនាំរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឱ្យប្រទេសមានកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ក្នុងរង្វង់៧ភាគរយ ហើយអាចរក្សាបានកំណើននេះ និងខ្ពស់ជាបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់ក៏ដូចជាពិភពលោក ខណ:ប្រទេសអភិវឌ្ឍន៍មួយចំនួនមិនអាចរក្សាបាននូវកំណើនសេដ្ឋកិច្ចរបស់ខ្លួន ពោលលគឺមានការធ្លាក់ចុះគួរឱ្យព្រួយបារម្ភទៀតផង។

ឆ្លងតាមការចូលរួមជាច្រើនលើកក្នុងវេទិកានេះ លោកឧកញ៉ា ឧស្មាន់ ហាសាន់ ក៏បានសម្លឹងឃើញផងដែរ ពីទីផ្សារដ៏សំខាន់របស់អ្នកវិនិយោគនៃបណ្តារដ្ឋឥស្លាមនៅលើពិភពលោកដែលមានប្រជាជនប្រមាណជាង១៦០០លាននាក់ ដែលពួកគេមានលទ្ធភាព សមត្ថភាពបណ្តាក់ទុនវិនិយោគនៅតាមបណ្តាប្រទេសមួយចំនួនក្នុងតំបន់ ហើយពេលនេះគេបានសម្លឹងឃើញកម្ពុជាគឺជាគោលដៅមួយដ៏សំខាន់ដែលអាចមកបោះទុនវិនិយោគរួមគ្នាបាន ដើម្បីលើកកម្ពស់ជីវភាពប្រជាជន និងជួយជម្រុញកំណើនសេដ្ឋកិច្ចកាន់តែល្អប្រសើរថែមទៀត។ ជាមួយគ្នានេះកម្ពុជាត្រូវតែរៀបចំខ្លួន ហើយប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោបានត្រៀមរួចជាស្រេចហើយក្នុងការចេញអនុក្រិត្យឱ្យក្រសួងពាណិជ្ជកម្ម ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាដំណើការលើបញ្ហាហាឡាល់ (ម្ហូបអាហារដែលតម្រូវតាមសាសនាមូស្លីម) ឱ្យបានក្នុងពេលឆាប់ៗនេះ។

សូមបញ្ជាក់ថា វេទិកាសេដ្ឋកិច្ចឥស្លាមពិភពលោក លើកទី១២នេះមានអ្នកចូលរួមចំនួន៤.០៨០នាក់មកពី៩៩ប្រទេស ក្នុងនោះមានប្រធានាធិបតី នាយករដ្ឋមន្រ្តី និងឧបនាយករដ្ឋមន្រ្តីចូលរួមចំនួន១២ប្រទេស និងតំណាងប្រទេសជាច្រើនទៀត អង្គវេទិកានេះដឹកនាំដោយផ្ទាល់ពីលោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី និងលោក ដាតុស្រ៊ី មហាម៉ាត់ ណាជីប រ៉ាហ្សាក់ នាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី ព្រមទាំងមានគណ:កម្មាការរៀបចំជាច្រើនប្រទេសទៀតផង៕

photo_2016-08-05_23-17-00

photo_2016-08-05_23-17-07

photo_2016-08-05_23-17-11

មតិយោបល់