ព័ត៌មានជាតិ

បញ្ជូនជនដែលបាញ់ជិត១០គ្រាប់ទៅលើឡានក្រុង នៅផ្លូវជាសុផារ៉ា ទៅតុលាការ!

ភ្នំពេញៈ បុរសម្នាក់ដែលបាន បាញ់ជិត១០គ្រាប់ទៅលើរថយន្តក្រុងក្រុមហ៊ុន បូព៌ាអាស៊ីដឹកអ្នកដំណើរ ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនៅតាមបណ្ដាយផ្លូវ៥៩៨ (ផ្លូវជាសុផារ៉ា) មុខដីឧកញ៉ា លី ហួរ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់តុលាការហើយនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ។

យោងតាមកំណត់ហេតុសមត្ថកិច្ចខណ្ឌឬស្សីកែវបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ អេង កុសល អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះលេខដេ២៤ ផ្លូវលេខ២ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរអង្គរក្សនៅបន្ទាយវីរៈ៤៩៩(ទាហាន)។

ប៉ុន្តែបើយោងតាម លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងប្រាប់សារព័ត៌មានក្នុងស្រុក កាលពីម្សិលមិញថា ជនសង្ស័យខាងលើ មិនមែនជាទាហាន ឬអង្គរក្សទេ គ្រាន់តែជាជនស៊ីវិលតែប៉ុណ្ណោះ។

គួររំលឹកថា កាលពីយប់ថ្ងៃទីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ មានហេតុការណ៍គ្រោះចរាចរណ៍មួយបានកើតឡើង ដោយបង្កឡើងដោយ រថយន្ដក្រុង របស់ក្រុមហ៊ុន បូព៌ាអាស៊ីដឹកអ្នកដំណើរ បានបើកទៅកៀររថយន្ដព្រូសរបស់ជនសង្ស័យ ប៉ុន្តែរថយន្តក្រុងនោះ មិនបានឈប់ដោះស្រាយគ្នានោះទេ ហើយព្យាយាមបើករត់គេច ទើបធ្វើឲ្យជនសង្ស័យជាម្ចាស់រថយន្ដព្រូស ខឹងនិងដកកាំភ្លើងបាញ់ប្រហារពីក្រោយរថយន្តក្រុងនោះជាច្រើនគ្រាប់ ផ្អើលពេញក្រុងភ្នំពេញតែម្ដង។

ក្រោយបាញ់រួចជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការតែម្តង ពាក់ព័ន្ធករណី កាន់កាប់និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត៕

https://youtu.be/T8exylbm0_g

មតិយោបល់