ព្រះសីហនុៈ មានគ្រោះថ្នាក់ចរាចរណ៍២ករណីជាប់គ្នាក្នុងកន្លែងតែមួយ ដែលបណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងជិត៨យប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៦៨និ១៦៩ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មានរថយន្តកែច្នៃ១គ្រឿងដឹកឈើអាកាស្យា ដែលខូចហើយចតចោលលើដងផ្លូវ ក៏មានរថយន្ត១គ្រឿងទៀតម៉ាកហុងដា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2E-3353 ទិសដៅពីភ្នំពេញទៅក្រុងព្រះសីហនុ ជិះគ្នា៤នាក់ បានបុកប៉ះ និងរថយន្តកែឆ្នៃដែលខូចចតចោលនេះ បណ្តាលឲ្យស្ត្រីម្នាក់ឈ្មោះ អ៊ុក ចាន់ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិគីរវន្ន ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានស្លាប់នៅនឹងកន្លែង ចំណែកអ្នករួមដំណើរមានបុរសជាប្តី ឈ្មោះ យិត សុភ័ស អាយុ២៩ឆ្នាំ និងកូនតូចអាយុ២ឆ្នាំ ព្រមទាំងអ្នកបើកបររថយន្តរងគ្រោះ ឈ្មោះ ខ្លឹង មិនមានរងរបួសនោះទេ។
សមត្ថកិច្ចឲ្យដឹងបន្ថែមថា មានករណីចៃដន្យមួយទៀត ក្នុងពេលដែលកំពុងតែកើតហេតុការណ៍នេះ ក៏មានរថយន្តមួយគ្រឿងទៀតបានបើកមកបុកប៉ះជាម៉ូតូគ្លិក១គ្រឿង ពណ៌ខ្មៅពាក់ស្លាកលេខ បាត់ដំបង1Q-8077 នៅកន្លែងដែលរថយន្តកែច្នៃ និងរថយន្តតូចបុកប៉ះគ្នានេះមួយជាន់ទៀត បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួស (មិនបានស្គាល់អត្តសញ្ញាណ) ត្រូវបាននាំយកទៅសម្រាកព្យាបាលនៅគ្លីនិច ឯកជនវាលរេញ ចំណែកភាគីខាងរថយន្តបានបើកគេចខ្លួនបាត់។
ចំពោះរថយន្តកែច្នៃ និងរថយន្តដែលបង្កហេតុមុនដំបូង ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍ ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕
មតិយោបល់