ព័ត៌មានជាតិ

សិស្សវិទ្យាល័យ ជា ស៊ីម សាមគ្គី២នាក់ ឆក់ខ្សែកគេមិនបានសម្រេច ជាប់ខ្នោះ!

ភ្នំពេញៈ យុវជនជាជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងកេងកងទី១ ធ្វើការចាប់ឃាត់ខ្លួន ក្រោយពីពួកគេបាននាំគ្នាធ្វើសកម្មភាពឆក់ខ្សែក ពីបុរសម្នាក់មិនបានសម្រេច។

ការចាប់ឃាត់ខ្លួននេះដែរបានធ្វើឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០១៧ នៅចំណុចផ្សារបឹងកេងកង ផ្លូវលេខ ៣៨០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឲ្យដឹងថា ជនសង្ស័យទី១ មានឈ្មោះ ឈួន វីរៈ អាយុ១៧ឆ្នាំ សិស្សថ្នាក់ទី ១០ សាលាវិទ្យាល័យ ជា ស៊ីម សាមគ្គី មានទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងទី២ ឈ្មោះ ផេ ឆៃឌី អាយុ ១៧ឆ្នាំ សិស្សថ្នាក់ទី១០ សាលាវិទ្យាល័យ ជា ស៊ីម សាមគ្គី មានទីលំនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ មុនពេលកើតហេតុ បុរសជាជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដា សេ១២៥ មួយគ្រឿងតែម្នាក់ឯង តាមបណ្តោយផ្លូវព្រះនរោត្តម ក៏ស្រាប់តែក្រុមយុវជនទាំង២នាក់ បានជិះម៉ូតូម៉ាក MSX ពណ៌ស ពាក់ស្លាកលេខ1GF-2175 មួយគ្រឿងមកធ្វើសកម្មភាពឆក់ខ្សែកមិនបានសម្រេច ហើយក៏ត្រូវបានបុរសជាជនរងគ្រោះជិះម៉ូតូដេញតាមបុកផ្តួល និងចាប់បានទាំង២នាក់តែម្តង។

ក្រោយពេលកើតហេតុ យុវជនជាជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់នគរបាលប៉ុស្តិ៍បឹងកេងកងទី១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌចំការមន ចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តទៅទៀត៕

មតិយោបល់