ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់បានស្លាប់ និងមនុស្សជិត១០នាក់រងរបួស នៅរមណីយដ្ឋានទឹកធ្លាក់ជ្រាវ

កំពង់ស្ពឺ: ករណីគួរឲ្យរន្ធត់មួយបានកើតឡើង នៅរមណីយដ្ឋានទឹកធ្លាក់ជ្រាវ ស្ថិតនៅឃុំអមលាំង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧នេះ ដោយជំនន់ទឹកភ្លៀង ភ្លាមៗ បណ្ដាលឱ្យហូរកួចឆក់យកជីវិតក្មេងប្រុសម្នាក់ និងមនុស្ស៦នាក់ទៀតរងរបួសធ្ងន់ស្រាល នេះបើយោងតាមប្រភពពីប្រជាពលរដ្ឋដែលបានទៅលេងនៅទីនោះ។

ប្រភពបានអះអាងថា នៅថ្ងៃទី១៩ ខែសីហា នេះភ្លៀងបានធ្លាក់ខ្លាំងនៅតំបន់រមណីយដ្ឋានទឹកធ្លាក់ជ្រាវ លុះដល់ម៉ោងប្រមាណជា ៤រសៀលស្រាប់តែមានទឹកធ្លាក់ពីលើភ្នំមកយ៉ាងខ្លាំង និងបានហូរកួចយកមនុស្សជាច្រើននាក់ នៅក្នុងមនុស្សមានក្មេងប្រុសអាយុ ១២ឆ្នាំម្នាក់ដោយទៅតាមទឹកបោកនឹងដើមឈើស្លាប់ភ្លាមៗ និងមានមនុស្សចាស់ៗ ប្រុសស្រី៦នាក់ទៀតរងរបួសធ្ងន់ស្រាល។

ប្រភពបញ្ជាក់ថា នៅក្រោយពេលកើតហេតុ ក្រុមមន្ត្រីការពារតំបន់រមណីយដ្ឋានទឹកធ្លាក់ជ្រាវ បានព្យាយាមជួយសង្គ្រោះជនរងគ្រោះ ដែរ តែជាអកុសលជួយបានតែមនុស្សចាស់ ៦នាក់ ចំណែកក្មេងប្រុសរងគ្រោះបានស្លាប់ និងអណ្តែតតាមទឹកហូរទៅហើយ។

យោងតាមប្រភពដដែល ក្មេងរងគ្រោះ មានស្រុកកំណើតនៅក្នុងខេត្តកំពង់ស្ពឺ បានទៅលេងទីនោះជាមួយក្រុមគ្រួសារ ខណ:ឪពុកម្តាយកំពុងហូបបាយ រូបគេបានទៅងូតទឹកជាមួយ ឪពុកមា ក៏ជួបឧបទ្ទវហេតុអកុសលនោះតែម្តងទៅ។

ក្រោយកើតហេតុសពក្មេងរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនរងគ្រោះផ្សេងទៀតត្រូវបានក្រុមគ្រួសារយកទៅផ្ទះដើម្បីព្យាបាលរៀងៗខ្លួន៕

មតិយោបល់