តូក្យូ: ប្រទេសជប៉ុន នៅថ្ងៃសៅរ៍នេះ បានបាញ់បង្ហោះរ៉ូក្កែត H-2A ដោយពាំនាំទៅជាមួយផ្កាយរណបចាប់ទីតាំងភូមិសាស្រ្តមួយ ចូលទៅគន្លងភពផែនដី បន្ទាប់ពីបានពន្យាពេលអស់ ១ សប្តាហ៍។ នេះបើតាមការថ្លែងឱ្យដឹងពីរដ្ឋាភិបាលក្រុងតូក្យូ។
ការបាញ់បង្ហោះផ្កាយរណបបំពាក់ប្រព័ន្ធចាប់ទីតាំង GPS ជាន់ខ្ពស់លើកទីបីរបស់ប្រទេសជប៉ុននេះ គឺជាផ្នែកមួយនៃគ្រោងការរបស់ខ្លួនក្នុងការកសាងជំនាន់មួយនៃប្រព័ន្ធ GPS (Global Positioning System) របស់សហរដ្ឋអាមេរិក ដើម្បីផ្តល់ នូវព័ត៌មានអំពីចំណុចទីតាំងសម្រាប់ការបើកបរដោយស្វ័យប្រវត្តិ និងគោលបំ ណងសន្តិសុខជាតិ។
រដ្ឋាភិបាលរបស់ប្រទេស បានពន្យាពេលបាញ់បង្ហោះមួយសប្តាហ៍ដោយសារតែបញ្ហាបច្ចេកទេស។
លោក Masaji Matsuyama រដ្ឋមន្រ្តីទទួលបន្ទុកខាងផ្នែកនយោបាយអវកាស បានឱ្យដឹងក្នុងសេចក្តីថ្លែងការមួយថា៖ «ជាមួយការបាញ់បង្ហោះដោយជោគជ័យលើកទីបីនេះ យើងបានបោះជំហានកាន់តែជិតសម្រាប់គោលដៅទទួលសញ្ញាផ្សេងៗ ពីផ្កាយរណបបួននៅថ្ងៃអនាគត»។
រដ្ឋាភិបាលជប៉ុន គ្រោងនឹងបាញ់បង្ហោះផ្កាយរណបទីបួននៅបំណាច់ឆ្នាំនេះ ដើម្បីចាប់ផ្តើមការផ្តល់ជូននូវព័ត៌មានទីតាំងដែលសុក្រិតក្នុងកម្រិតខ្ពស់ នៅខែមេសាឆ្នាំក្រោយ។
ប្រទេសជប៉ុន គ្រោងនឹងបង្កើនចំនួ នផ្កាយរណបកំណត់ភូមិសាស្រ្តឱ្យបានដល់ ៧ គ្រឿង នៅឆ្នាំ ២០២៣ ដែលជាមួយចំនួននេះ វានឹងធ្វើឱ្យប្រព័ន្ធ GPS របស់ខ្លួនអាចដំណើរការដោយឯករាជ្យ បើទោះជាប្រព័ន្ធរបស់អាមេរិកប្រែជាមិនអាចប្រើប្រាស់ដោយហេតុផលណាមួយក៏ដោយ។ នេះបើយោងតាមមន្រ្តីរដ្ឋាភិបាលថ្លែងឱ្យដឹងកាន់ពីពេលមុន។
ចំពោះផ្កាយរណបជាន់ខ្ពស់នេះដែរ ត្រូវបានផលិតឡើងដោយក្រុមហ៊ុន Mitsubishi Electric Corp និងបាញ់បង្ហោះចូលទៅគន្លងផែនដីដោយក្រុមហ៊ុន Mitsubishi Heavy Industries Ltd.៕
ប្រភពព័ត៌មានៈ reuters
មតិយោបល់