ភ្នំពេញៈ បុរសជនជាតិហ្វីលីពីន២នាក់បានរងរបួសធ្ងន់ ខណៈចេញពីផឹកជិះម៉ូតូម្នាក់មួយគ្រឿងបញ្ច្រាសទិស ហើយត្រូវរថយន្តបុកពេញទំហឹងកាលពីវេលាម៉ោង៣ និង៣៥នាទីទៀបភ្លឺថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវលេខ៥១កែង១៣០ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានគ្នា២នាក់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ភេទប្រុសជនជាតិហ្វីលីពីន ជិះម៉ូតូ២គ្រឿង ទី១ម៉ាក SUZUKI VIVA ពណ៌ខ្មៅស្លាកលេខ ភ្នំពេញ 1G-4625 របួសធ្ងន់ បាក់ស្មាខាងស្តាំ ទី២ ម៉ាក SUZUKI STEP ពណ៌ខ្មៅស្លាកលេខ ភ្នំពេញ 1AA-5238 របួសបែកមុខបែកមាត់ ត្រូវបានដឹកតាមរថយន្តសាមុយបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗផងដែរ។
មុនពេលកើតហេតុគេឃើញជនបរទេសជនជាតិហ្វីលីពីន២នាក់នោះ ជិះម៉ូតូម្នាក់១គ្រឿង ចេញពីផឹកមានសភាពស្រវឹង និងជិះបញ្ច្រាសទិសចរាចរណ៍តាមបណ្ដោយផ្លូវលេខ៥១ ក្នុងទិសដៅពីត្បូងទៅជើង ពេលជិះមកដល់ចំណុចផ្លូវបំបែកជាបួនកែង និងផ្លូវលេខ១៣០ ក៏ត្រូវរថយន្តមួយគ្រឿងម៉ាក CAMRY ឆ្នាំ៨៩ ពណ៌ស្លែធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៣០ ក្នុងទិសដៅពីកើតទៅលិច បណ្តាលឲ្យបុកជាមួយម៉ូតូអូសជិត១០ម៉ែត្រ រងរបួសធ្ងន់ទាំង២នាក់តែម្តង។
ក្រោយពីបុកភ្លាមៗរថយន្តបង្កបានបន្ថែមល្បឿនជិះគេចបាត់ស្រមោល។ ចំណែកជនរងគ្រោះត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅក្លីនិចឯកជន រីឯម៉ូតូត្រូវបានមិត្តភក្តិជនរងគ្រោះដឹកយកទៅផ្ទះខ្លួនឯងដោយមិនរំខានដល់សមត្ថកិច្ចឡើយ៕
មតិយោបល់