ព័ត៌មានជាតិ

ដេកធ្លាក់ពីលើការដ្ឋានសំណង់ ស្លាប់ចោលប្រពន្ធនិងកូន២នាក់

ភ្នំពេញៈ ស្ត្រីម្នាក់ឈ្មោះ ធន់ យ៉េត អាយុ៣០ឆ្នាំ បានស្រែកត្រហោយំបោកខ្លួននៅក្បែរសាកសពរបស់ប្តី នាងនឹងនិយាយទាំងទឹកភ្នែកសុំឲ្យសមត្ថកិច្ចជួយរកមូលហេតុឲ្យពិតប្រាកដទាក់ទងនឹងការស្លាប់របស់ប្តីគាត់។

ជុំវិញបញ្ហាដែលស្ត្រីជាប្រពន្ធបានស្រែកយំនេះគឺ នៅវេលាម៉ោង៥នឹង៣០នាទី ព្រលឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ មានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារ បុរសជាប្តីរបស់នាង ឈ្មោះ ស៊ន គីមហុង អាយុ៣៧ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ត្រូវបានគេប្រទះឃើញដេកបាក់កស្លាប់នៅក្បែរបន្ទប់ទឹក ក្នុងការដ្ឋានសំណង់មួយកន្លែងស្ថិត​នៅ​ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើយោងតាមសម្តីមេកា ឈ្មោះ សុខ ហៃ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៦នេះ ក្រោយពីចប់ម៉ោងការងាររួចនោះ ឈ្មោះ ស៊ន គីមហុង (ស្លាប់) នឹងមិត្តភ័ក្រពីរបីនាក់ទៀត បានផឹកស្រាជាមួយគ្នា រហូតផឹកស្រាអស់ពីរលីត្រ ពួកគេក៏បែកគ្នា ដោយឈ្មោះ ស៊ន គីម ហុង បានឡើងទៅដេកលើកឡៅតឿន ជាន់ទីមួយក្នុងការដ្ឋានដែលកំពុងសាងសងមិនទាន់រួច នៅក្បែរកន្លែងផឹកស៊ី ចំណែកអ្នកផ្សេងទៀតក៏ដើរទៅដេកតាមកន្លែងរៀងៗខ្លួន។

ប្រភពបន្តថា លុះព្រឹកព្រលឹមស្រាងៗប្រហែលជាម៉ោង៥នឹង៣០នាទី លោកបានដើរទៅដាស់ឈ្មោះ ស៊ន គីមហុង ឲ្យក្រោកដើម្បីបន្តការងារដូចសព្វដង ប៉ុន្តែពេលដើរចូលទៅក្នុងសំណង់ការដ្ឋានសាងសងស្រាប់តែប្រទះឃើញឈ្មោះ ស៊ន គីងហុង បានដេកស្លាប់ក្បែរបន្ទប់ទឹកជាន់ផ្ទាល់ដីតែម្តងទៅ ដោយមានស្នាមរបួសជង្គង់ នឹងដៃ។

​ករណីខាងលើនេះ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដែលចុះពិនិត្យផ្ទាល់បានសន្និដ្ឋានថា ករណីនេះអាចកើតឡើងដោយសារជនរងគ្រោះឈ្មោះ ស៊ន គីមហុង ផឹកស្រាស្រវឹងហើយឡើងទៅដេកលើកឡៅតឿន រមៀលធ្លាក់មកក្រោមបោកក្បាលនឹងថ្ម ​បាក់កស្លាប់ទៅ។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយពិនិត្យរួចរាល់សមត្ថកិច្ចបានធ្វើលិខិតប្រគល់សាកសពទៅឲ្យ​ក្រុមគ្រួសារដឹក​យកទៅ​ស្រុក​កំណើត​នៅឯ​​ខេត្តកំពងឆ្នាំង ដើម្បីធ្វើបុណ្យតាមប្រពៃណីខ្មែរ៕

photo_2016-06-01_11-11-23

មតិយោបល់