ព័ត៌មានជាតិ

ពុទ្ធោ! ស្លាប់ទាំងអស់​ ដោយសារជិះម៉ូតូលឿនពេក វ៉ាទៅបុករថយន្តបញ្ច្រាសគ្នា…

កំពង់ស្ពឺៈ លោកអធិការរងស្រុកសំរោងទង ទទួលផ្នែកចរាចរណ៍បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានម៉ូតូមួយគ្រឿងបានជិះវ៉ាទៅបុកជាមួយនឹងរថយន្តម៉ាកតាកូម៉ា បណ្តាលឲ្យស្លាប់មនុស្ស៣នាក់យ៉ាងរន្ធត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទី ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៤ គីឡូម៉ែត្រ៤០-៤១ ត្រង់ចំណុចភូមិរំលោង ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះដែលស្លាប់ទាំង៣នាក់ ទី១ឈ្មោះ តឹក នី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅផ្ទះ៥៩៤ ភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ជាអ្នកឌុប) ទី២ឈ្មោះ ឆេង ណារ៉ា ភេទប្រុស អាយុ២២ ឆ្នាំ រស់នៅភូមិព្រែកតាតន់ ឃុំព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងទី៣ឈ្មោះ ឃុន លាង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិមោងរៀវ ឃុំមោងរៀវ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ស្លាប់ទាំង៣នាក់។

មុនពេលកើតហេតុ គេបានឃើញម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1B-8368 បើកបរមកពីកើតទៅលិច លុះមកដល់ចំណុចខាងលើ បានឡេីងវ៉ាជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2A-9901 ដែលកំពុងបេីកបញ្រ្ចសទិសគ្នា បណ្តាលឲ្យអ្នកបេីកម៉ូតូនិងអ្នកជិះពីក្រោយស្លាប់នៅនឹងកន្លែងកេីតហេតុទាំង៣នាក់តែម្តង។ ចំណែកអ្នកបើករថយន្តបានចុះគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង នាំយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត ចំណែកសពបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់