កណ្តាលៈ ក្មេងប្រុសម្នាក់ បានសម្រេចចិត្តចងកសម្លាប់ខ្លួនដោយសារម្តាយស្តីបន្ទោសឲ្យច្រើនដងពក។
ហេតុការណ៍នេះកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នៅចំណុចក្រោមផ្ទះឈ្មោះ ផាត សុខលីន (ប្តី ប្រពន្ធ) ភូមិទួលពង្រ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
តាមប្រភពព័ត៌មានពីនគរបាលស្រុកខ្សាច់កណ្តាលបានប្រាប់ឲ្យដឹងថា ជនរងគ្រោះម្នាក់ឈ្មោះ ឃិន ជីវ៉ា ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិឃុំ កើតហេតុ (ស្លាប់) មានឪពុកឈ្មោះ រុន សាវី ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកសិករ នៅភូមិឃុំកើតហេតុ និងម្តាយឈ្មោះ ផល សំណាង ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរកសិករ នៅភូមិឃុំកើតហេតុ។
ប្រភពដដែលពីនគរបាលស្រុកខ្សាច់កណ្តាលបានប្រាប់ឲ្យដឹងទៀតថា ម្តាយជនរងគ្រោះ តែងតែស្តីបន្ទោសឲ្យជនរងគ្រោះជាញឹកញាប់។ នៅថ្ងៃទី ២៣ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១រសៀល ជនរងគ្រោះបានបរគោចេញពីផ្ទះយកមកចងឲ្យស៊ីស្មៅ ក្រោយផ្ទះរបស់ឈ្មោះ ផាត សុខលីន (ប្តី ប្រពន្ធ) ជាពូមីងរបស់ខ្លួន ហើយបានមកដេកលេងនៅលើគ្រែក្រោមផ្ទះ ឈ្មោះ ផាត សុខលីន នេះជាផ្ទះដែលគ្មានម្ចាស់រស់នៅបិទទ្វារចោល។ វេលាម៉ោង១និង៣០នាទី រសៀលថ្ងៃដដែលមានក្មេងៗជាច្រើននាក់ដើរកាត់តាមផ្លូវធ្លាចំហៀងខាងត្បូងបានឃើញជនរងគ្រោះចងកនៅក្រោមផ្ទះ ផាត សុខលីន រួចក៏រត់ទៅប្រាប់ឪពុកម្តាយ របស់ជនរងគ្រោះ ពេលនោះឪពុកម្តាយ បានទៅដល់កន្លែងកើតហេតុ ហើយស្រាយ និងយកជនរងគ្រោះមកធ្វើចលនា ប៉ុន្តែជនរងគ្រោះបានស្លាប់ បាត់បង់ជីវិតទៅហើយ និងរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស៊ីធរ។
តាមការពិនិត្យទីតាំងកន្លែងកើតហេតុ ជនរងគ្រោះអាចឈរនៅលើគ្រែក្រោមផ្ទះរួចយកក្រមាពណ៌ក្រឡាក្រហម ស ទៅចងភ្ជាប់និងរតផ្ទះ ដែលមានកំពស់១,៨០ម៉ែត្រពីដី ដោយជើងផុតពីដីកំពស់០,១០ ម៉ែត្រ ហើយចងកពីមុខទម្លាក់ខ្លួនពីលើគ្រែបណ្តាលឲ្យស្លាប់។ ការពិនិត្យសាកសពមានការចូលរួមពីគ្រូពេទ្យនិងក្រុមប្រឹក្សាឃុំ។
សាកសពជនរងគ្រោះមានស្នាមជាំនៅលើក ផ្នែកខាងមុខ មួយកន្លែងក្រៅពីនេះ ពុំមានស្លាកស្នាមអ្វីទេ។ សន្និដ្ឋាន ជនរងគ្រោះពិតជាស្លាប់ដោយ ចងក ពិតប្រាកដមែន។ ក្រោយពីសមត្ថកិច្ចពិនិត្យរួចបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់