ព័ត៌មានជាតិ

តុលាការចេញដីកាឃុំខ្លួន បុរសដែលបាញ់ស្ត្រីម្នាក់នៅខណ្ឌឬស្សីកែវ!

ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះថា កាលពីព្រឹកមិញនេះ លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនបុរសជនត្រូវចោទដែលបានបាញ់ស្ត្រីម្នាក់ឲ្យរងរបួសនៅក្នុងហាងហ្គែមបាញ់ត្រី ក្នុងខណ្ឌឬស្សីកែវ ជាបណ្ដោះអាសន្ននៅពន្ធនាគារហើយ។

លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាធានីភ្នំពេញ បានឲ្យដឹងតាម Telegram ថា ក្រោយទទួលយកសំណុំរឿងមកពិនិត្យ និងបើកការស៊ើបសួររួច លោកបានសម្រេចចោទប្រកាន់លើឈ្មោះ ប៊ូ យូហេង ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ពីបទ ប៉ុនប៉ងឃាតកម្ម និងបទ កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តកាលពីវេលារំលងអាធ្រាត្រទាបភ្លឺថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅចំណុចហាងហ្គែមបាញ់ត្រី តាមផ្លូវរថភ្លើង ក្រុមទី៨ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ យោងតាមមាត្រា ២៧ មាត្រា ១៩៩ និងមាត្រា ៤៩០នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា កាលពីវេលាទាបភ្លឺថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧កន្លងទៅជនត្រូវចោទឈ្មោះ ប៊ូ យូហេង ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ បានដកកាំភ្លើងខ្លីបាញ់លើអ្នកមើលការខុសត្រូវហាងហ្គែមបាញ់ត្រី នៅចំណុចផ្លូវរថភ្លើង ក្រុមទី៨ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ព្រោះតែសុំលុយ ៥០០០រៀល មិនឲ្យ។

ជាអកុសលគ្រាប់កាំភ្លើងនោះបានខ្ទាតទៅចំស្ត្រីជនរងគ្រោះឈ្មោះ ញ៉ ចន្ថា ភេទស្រី អាយុ ២៥ឆ្នាំ ជាស្ត្រីមេម៉ាយ មុខរបរ ស៊ីឈ្នួលបោកខោអាវ ឲ្យរងរបួសធ្ងន់ទៅវិញ។ ក្រោយពេលបាញ់ជនរងគ្រោះរួចជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោលតែម្តង។

សូមជម្រាបជូនថា កម្លាំងកងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧កន្លងទៅបានឃាត់ខ្លួនជនសង្ស័យ នៅចំណុចភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ខណៈពេលរូបគេកំពុងជិះម៉ូតូតាមផ្លូវ៕

https://youtu.be/VJ9YhvdVoNU

មតិយោបល់