ព័ត៌មានសុខភាព

វីតាមីន B អាចបង្កើនហានិភ័យនៃជំងឺមហារីកសួតចំពោះបុរស

ការសិក្សាមួយដែលបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Ohio State University សហរដ្ឋអាមេរិកបានថ្លែងថា ការប្រើប្រាស់វីតាមីន B6 និង B12 លើសកម្រិត ក្នុងរយៈពេលវែង អាចបង្កើនហានិភ័យនៃជំងឺមហារីកសួតចាប់ពី ២ទៅ ៤ដងចំពោះបុរស។

ការស្រាវជ្រាបានរកឃើញទៀតថា ហានិភ័យនៃជំងឺមហារីកសួតមានការកើនឡើងខ្ពស់ចំពោះអ្នកជក់បារីដែលប្រើវីតាមីន B6 ច្រើនជាង២០មីលីក្រាម ឬវីតាមីនB12 ចំនួន៥៥មីក្រូក្រាម ក្នុងមួយថ្ងៃ រយៈពេល១០ឆ្នាំ។ អ្នកជក់បារីដែលប្រើប្រាស់ថ្នាំ B6 កម្រិតនេះ អាចកើនឡើងហានិភ័យវិវត្តទៅរកជំងឺមហារីកសួតរហូតដល់ទៅ៣ដង។ ចំពោះអ្នកប្រើប្រាស់វីតាមីន B12 ក្នុងកម្រិតនេះវិញ មានការវិវត្តទៅរកជំងឺមហារីកសួត៤ដង បើធៀបទៅនឹងអ្នកដែលមិនបានប្រើ។

ក្រុមអ្នកស្រាវជ្រាវ បានធ្វើការវិភាគទិន្នន័យទៅលើអ្នកជំងឺជាង ៧៧.០០០នាក់ មានអាយុចាប់ពី ៥០ទៅ ៧៦ឆ្នាំ ហើយត្រូវបានធ្វើឡើងចន្លោះឆ្នាំ២០០០ ទៅ ២០០២។ អ្នកស្រាវជ្រាវបានប្រើបច្ចេកទេសសម្រួលដល់កត្តាជាច្រើនរួមមាន ប្រវត្តិជក់បារី អាយុ ប្រវត្តជំងឺមហារីកផ្ទាល់ខ្លួន ជំងឺសួតរ៉ាំរ៉ៃ ប្រវត្តគ្រួសារធា្លប់មានជំងឺសួត និងការប្រើថ្នាំប្រឆាំងនឹងការរលាក។

លទ្ធផលបានបង្ហាញថា គ្រប់កត្តាទាំងអស់នេះធ្វើឲ្យអ្នកប្រឈមនឹងជំងឺមហារីកសួតដូចគ្នា គួបផ្សំជាមួយនឹងការប្រើប្រាស់វីតាមីន B6 និង B12 រយៈពេលយូរអង្វែទៀតនោះ អ្នកកាន់តែមានគ្រោះថ្នាក់។

ដូច្នេះ ចំពោះអ្នកដែលមានបញ្ហាដូចខាងលើនេះ គួរតែប្រុងប្រយ័ត្នការប្រើប្រាស់វីតាមីន B6 និង B12 ជាពិសេសអ្នកជក់បារីតែម្តង៕

ប្រភពៈ boldsky

មតិយោបល់