ភ្នំពេញៈ ស្រ្តីម្តាយកូន២នាក់ ត្រូវបានរថយន្តកូរ៉េបើកបត់មិនប្រយ័ត្ន បណ្តាលឲ្យបុកចំជើងម្ខាង ធ្វើឲ្យស្រ្តីជនរងគ្រោះជាម្តាយ រងរបួសធ្ងន់ ខណៈរូបគាត់និងកូនស្រីម្នាក់ទៀតជិះម៉ូតូឌុបគ្នាបម្រុងចូលផ្ទះ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្នុងបូរី លឹម ឈាងហាក់ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជាធានីភ្នំពេញ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ មានរថយន្តកូរ៉េ១តោនកន្លះ ១គ្រឿង ពណ៌ស គ្មានស្លាកលេខ ដែលជារថយន្តបង្កហេតុ បានចតនៅក្បែរកន្លែងកើតហេតុ បន្ទាប់មកស្រាប់តែមានមនុស្សស្រី២នាក់ដែលជាម្តាយកូន បានជិះម៉ូតូ១គ្រឿងម៉ាកZOOMER X ពណ៌ត្រួយចេកលាយស ពាក់ស្លាកលេខភ្នំពេញ1GJ-9447 បានជិះឌុបគ្នាឆ្លងស្ពានចូលបុរី លឹម ឈាងហាក់ បម្រុងចូលទៅផ្ទះ តែខណៈពេល ដែលមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ បានបើករថយន្តដែលចតទុកនោះបត់ក្រោយ តែមិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូចំពីចំហៀង បណ្ដាលឲ្យស្ត្រីម្នាក់ជាម្ដាយបានរងរបួសជើងយ៉ាងធ្ងន់ធ្ងរ។ ចំណែកកូនស្រីមិនបានរបួសនោះទេ រីឯម៉ូតូក៏បានគៀបជាប់ក្រោមរថយន្ត ធ្វើឲ្យរងការខូចខាតបន្តិចបន្ទួចផងដែរ។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះ ត្រូវបានសាច់ញាតិ និងក្រុមគ្រួសារហៅម៉ូតូកង់បីដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន សួគ៌ា ហើយម្ចាស់រថយន្តបង្ក ក៏បានឡើង ម៉ូតូកង់បីទៅជាមួយដែរ ដើម្បីចេញថ្លៃរបួស និងសងការខូចខាតទាំងអស់ទៅលើជនរងគ្រោះផងដែរ៕
មតិយោបល់