កណ្តាលៈ លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានសហការជាមួយកម្លាំងព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងមានការចូលរួមពីលោកវរសេនីយ៍ ចំរើន បញ្ញា អធិការរងក្រុងតាខ្មៅ បានបើកប្រតិបត្តិការចុះបំបែកទីតាំងកត់ឆ្នោតខ្មែរលួចលាក់ឆ្នោតវៀតណាម២ទីតាំង បានមេឆ្នោត៣នាក់ និងវត្ថុតាងមួយចំនួនធំ។
ប្រតិបត្តិការចុះបំបែកទីតាំងកត់ឆ្នោតខ្មែរលួចលាក់ ឆ្នោតវៀតណាម ២ទីតាំងនោះ គឺនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ នៅចំណុចទីតាំងទី១ក្នុងផ្សារតាខ្មៅចាស់ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ និងទីតាំងទី២ក្នុងផ្សារតាខ្មោថ្មី ភូមិដើមមាន សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើតាមនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា ជនសង្ស័យជាមេឆ្នោតចំនួន៣នាក់នោះ ទី១ឈ្មោះ អ៊ូច គារិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (មេឆ្នោត) ទី២ឈ្មោះ សុខ សុភាព ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល(មេឆ្នោត) និងទី៣ឈ្មោះ ហាំ ស្រីពេជ្រ ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ វត្ថុតាងចាប់យកបាន រួមមានប្រាក់មួយចំនួនធំ និងសម្ភារៈកត់ឆ្នោតមួយចំនួនធំ ប៊ៀរ ម៉ាស៊ីនគិតលេខ។
នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបញ្ជាក់ថែមទៀតថា ដោយមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល លោកបានបញ្ជារផ្ទាល់ទៅកម្លាំងជំនាញព្រហ្មទណ្ឌកំរិតធ្ងន់ ដោយមានការឯកភាពពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាលបានចុះធ្វើប្រតិបត្តិការបំបែកទីតាំងកត់ឆ្នោតខ្មែរលួចលាក់ឆ្នោតវៀតណាម២ទីតាំង ដែលទីតាំងខាងលើបើកកត់ឆ្នោតជារៀងរាល់ថ្ងៃ ចាប់បានមេឆ្នោត៣នាក់ និងវត្ថុតាងមួយចំនួនធំផងដែរ។
បច្ចុប្បន្នមេឆ្នោតទាំង៣នាក់ កំពុងស្ថិតក្រោមការសាកសួររបស់កម្លាំងជំនាញព្រហ្មទណ្ឌកំរិតធ្ងន់ ដើម្បីបន្តចាត់ការទៅតាមនីតិវិធីច្បាប់។
សូមរំលឹកផងដែរថា នៅក្រុងតាខ្មៅ ល្បែងកត់ឆ្នោតខ្មែរ លួចលាក់កត់ឆ្នោតវៀតណាម មានច្រើនទីតាំងណាស់ ហើយជាពិសេសកន្លែងកត់នីមួយៗសុទ្ធតែអ្នកមានអំណាចនៅពីក្រោយថែមទៀតផង។
ប្រជាពលរដ្ឋសំណូមឲ្យអាជ្ញាធរមានសមត្ថកិច្ចមេត្តាបន្តរកិច្ចប្រតិបត្តិការណ៍បង្ក្រាបឲ្យដូចភ្លៀងរលឹម ដើម្បីឲ្យភូមិឃុំមានសុវត្ថិភាព៕
មតិយោបល់