ព័ត៌មានជាតិ

MITSUBISHI មួយគ្រឿង លឿនពេកពន្លះទ្រូងផ្លូវទាំងកណ្តាលយប់!

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានរថយន្តម៉ាក MITSUBISHI មួយគ្រឿងបើកបរក្នុងល្បឿនលឿន បានជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យខ្ទាតរប៉ាត់រប៉ាយពេញផ្លូវ សំណាងល្អណាស់ គ្មានអ្នករងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ជិតរង្វង់មូលចោមចៅ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក MITSUBISHI ពាក់ស្លាកលេខ ភ្នំពេញ 2A-7598 មួយគ្រឿងបើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនយ៉ាងលឿន និងទំនងជាអ្នកបើករថយន្តស្រវឹងផងនោះ ពេលមកដល់កន្លែងកើតក៏បានជ្រុលចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរងការខូចខាត ហើយភ្លាមៗនោះរថយន្តបង្កបានព្យាយាមបើករត់ទាំងបែកកង់បន្តទៀត ក៏បន្តបុករះរបាំងថ្មអស់ជាច្រើនកង់ ដួលរ៉ាយប៉ាយពេញផ្លូវ រហូតអូសប្រមាណ១០០ម៉ែត្រទៅមុខលែងរួច ទើបម្ចាស់ចេញពីរថយន្តគេចខ្លួនបាត់ សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃនោះទេ ។

ក្រោយកើតហេតុហើយនោះ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកធ្វើការវាស់វែង ដោយនាំយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ក្រុង ចាត់ការតាមនីតិវិធី បន្តទៀត៕

មតិយោបល់