ក្រុមជើងឯក និងជើងឯករង Premier League តោខៀវ Chelsea និង Tottenham ហាក់មិនសំណាងសោះ ក្នុងការចាប់ឆ្នោតវគ្គចែកពូល Champion League យប់ម្សិលមិញនេះ។
ក្រោយពីការបញ្ចប់ការចែកពូល ក្រុម Man Utd , Man City និង Liverpool ហាក់រំជើបរំជួលក្នុងចិត្តយ៉ាងខ្លាំង ខណៈក្រុមមកពីអង់គ្លេសទាំង៣នេះ បានស្ថិតនៅក្នុងពូលជាមួយក្រុមមធ្យមៗ ដែលមិនមែនជាឧបសគ្គធំសម្រាប់ក្រុមទាំង៣នេះឡើយ។ យ៉ាងណាវិញ បើក្រឡេកមកមើលក្រុម ២ផ្សេងទៀត ដែលមកពីអង់គ្លេសដែរនោះ រួមមាន Chelsea និង Tottenham ដូចជាមិនសូវសប្បាយចិត្តទៅវិញ បន្ទាប់ពីក្រុមដែលនៅក្នុងពូលជាមួយ សុទ្ធសឹងខ្លាំង និងមានសមត្ថភាពប្រហាក់ប្រហែលគ្នា។ ជាក់ស្តែងណាស់ ម្ចាស់ជើងឯក Premier League តោខៀវ Chelsea ស្ថិតនៅក្នុងពូល C ដោយមានក្រុមខ្លាំង Atletico Madrid, Roma និង Qarabag ។ គួរបញ្ជាក់ដែរថា Qarabag ថ្វីបើមិនសូវលឺឈ្មោះមែន តែមិនត្រូវមើលងាយឡើយ ខណៈ Atletico Madrid និង Roma សុទ្ធសឹងជាក្រុមដែលអាចបង្កគ្រោះថ្នាក់ដល់ក្រុម Chelsea បាន។
ក្រឡេកមកមើល ក្រុម Tottenham វិញ កាន់តែយ៉ាប់ជាងក្រុមតោខៀវ Chelsea ទៅទៀត ព្រោះថា ត្រូវប៉ះចំពូល H ជាមួយក្រុមការពារតំណែងជើងឯក Real Madrid , Dortmund និង APOEL ។ យើងដឹងគ្រប់គ្នាហើយថា Real Madrid គឺជាក្រុមកំពូលមួយដែលពិបាករកគូប្រកួតណាស់នាពេលនេះ ចំណែកក្រុម Dortmund វិញ ក៍មិនណយដែរ ព្រោះថាមិនងាយស្រួលឡើយ ក្នុងការយកឈ្នះក្រុមនេះ ខណះ APOEL មិនជាបញ្ហាអ្វីឡើយ។
ដូច្នេះហើយ Chelsea និង Tottenham ត្រូវខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីឆ្លងទៅកាន់បន្តទៀត ស្របពេលដែលក្រុម Man Utd, Man City និង Liverpool មិនសូវពិបាកនោះឡើយ។ ក៍ប៉ុន្តែ បាល់មូល ដែលអ្វីៗអាចប្រែប្រួលគ្រប់ពេលបាន។
មតិយោបល់