ភ្នំពេញៈ កាលពីវេលាម៉ោង៦ ព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយម៉ូតូ២គ្រេឿង បើកបុកគ្នាពីមុខពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់ស្រាល នៅចំណុចផ្លូវច្រកចូលទៅរោងចក្រផលិតស្រាបៀរថៃហ្គ័រ ស្ថិតតាមបណ្តផ្លូវជាតិលេខ១ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
ជនរងគ្រោះមានឈ្មោះ ថីង ភេទប្រុស អាយុ២៤ ឆ្នាំ ជាជនជាតិវៀតណាម មានទីលំនៅស្រុកលើកដែក ខេត្តកណ្តាល ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេសង្គេតឃើញ ម៉ូតូមួយគ្រេឿង ម៉ាកហុងដាឌ្រ៊ីមសេ១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AB – 3710 ជិះដោយបុរស៣នាក់ តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បេឿនលេឿន។ លុះធ្វើដំណើរមកដល់ចំណុចខាងលើ ក៏បានបើកបុកគ្នាពេញទំហឹងជាមួយម៉ូតូមួយគ្រេឿងទៀត ម៉ាកហុងដាឌ្រ៊ីមដូចគ្នា ស៊េរីឆ្នាំ២០១៦ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1DE – 2998 បើកបរដោយបុរសម្នាក់ ដោយមានដឹកអាវភ្លៀងជាច្រើននៅពីក្រោយម៉ូតូ បើកបរតាមបណ្តោយផ្លូវថៃហ្គ័រ ឆ្ពោះឡើងទៅផ្លូវជាតិលេខ១ បំណងបត់ឡើងទៅកាន់ខេត្តកណ្តាល ក៏បណ្តាលឲ្យភាគីខាងម៉ូតូហុងដាឌ្រ៊ីម ឆ្នាំ២០១៦ ដួលបោកក្បាលផ្ទប់នឹងថ្នល់ស្លាប់ភ្លាមៗ ។ ចំណែភាគីម្ខាងទៀត ត្រូវរងរបួសធ្ងន់២នាក់ ស្រាលម្នាក់ ត្រូវរថយន្តសាម៉ុយមកទទួលយកទៅសង្គ្រោះភ្លាមៗផងដែរ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញចុះអន្តរាគមន៍ធ្វើការវាស់វែង លើកយកម៉ូតូទាំង២គ្រេឿង ទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រងចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ រីឯសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់