ព័ត៌មានជាតិ

តុលាការកាត់ទោស ក្រុមឃាតករ ដែលរឹតកសម្លាប់នារីបម្រើការនៅក្លឹបកម្សាន្ត៥៥

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧នេះ លោក អ៊ឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោសជនជាប់ចោទចំនួន២នាក់ ពាក់ព័ន្ធករណីឃាតកម្ម។

លោកស្រី កែវ សុគន្ធា ជាតំណាងអយ្យការបានចោទប្រកាន់លើជនជាប់ចោទ ទី១ឈ្មោះ យ៉េន សុបញ្ញា ភេទប្រុស អាយុ២១ឆ្នាំ ពីបទ ឃាតកម្មគិតទុកជាមុន និងបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចក្នុងបូរីប៉េងហួត តាមបណ្ដោយផ្លូវឧកញ៉ាម៉ុងឬទ្ធី។ យោងតាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ និងទី២ឈ្មោះ ហ៊ី សុភ័ក្រ ភេទប្រុស អាយុ៣១ឆ្នាំ (នៅក្រៅឃុំ) ពីបទទទួលផលចោរកម្ម ប្រព្រឹត្តថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ យោងតាមមាត្រា៣៩៩ និងមាត្រា៤០០នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការ ជនជាប់ចោទបានសារភាពថា នៅថ្ងៃកើតហេតុ ខ្លួនបានទិញគ្រឿងញៀនមកប្រើប្រាស់ និងបានខលហៅជនរងគ្រោះមកជួប ដើម្បីទៅផ្សារឃ្លាំងរំសេវ និងឲ្យនាងយកលុយ៣០ដុល្លារ ទៅលោះយកទូរសព្ទរបស់ខ្លួនមកប្រើវិញ។

ដោយសារតែខ្លួនប្រើប្រាស់គ្រឿងញៀនជ្រុល ទើបកើតគំនិតសម្លាប់នាងនៅក្នុងបុរីប៉េងហួត ដើម្បីប្លន់យកម៉ូតូម៉ាកស្កុបពី ពណ៌ស ស៊េរី២០១៣ យកទៅបញ្ចាំឲ្យឈ្មោះ ហ៊ី សុភ័ក្រ បាន៣២០ដុល្លារ ដើម្បីសងបំណុលគេនៅកន្លែងធ្វើការចំនួន២០០ដុល្លារ តែម្តង។

យោងតាមអំណានចម្លើយរបស់ជនជាប់ចោទឈ្មោះ ហ៊ី សុភ័ក្រ បានបញ្ជាក់ថា ខ្លួនពិតជាបានទទួលបញ្ចាំម៉ូតូស្កុបពី ពីឈ្មោះ យ៉េន សុបញ្ញា ពិតប្រាកដមែន ក្នុងតម្លៃ៣២០ដុល្លារ ព្រោះម៉ូតូនោះគ្មានឯកសារ។ ក្រោយមកមានបក្ខពួករបស់ឈ្មោះ យ៉េន សុបញ្ញា បានទាមទារលុយបន្ថែម៥០ដុល្លារទៀត តែខ្លួនមិនព្រម ក៏ប្តឹងទៅនគរបាលតែម្តង ឲ្យមកទទួលម៉ូតូនោះទៅរក្សាទុក។

គួររំលឹកថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខេត្តកណ្តាល ឃាត់ខ្លួនជនជាប់ចោទឈ្មោះ យ៉េន សុបញ្ញា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅស្រុកកោះធំ ខេត្តកណ្តាល ក្រោយពីរូបគេបានរឹតកជនរងគ្រោះឈ្មោះ កែវ កញ្ញា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកក្លឹប៥៥ ជាសង្សារ ប្លន់យកម៉ូតូម៉ាកស្កុបពី យកទៅបញ្ចាំយកលុយជក់គ្រឿងញៀន។

ក្រោយពេលសម្លាប់ជនរងគ្រោះរួច ជនជាប់ចោទបានយកសពទៅផ្លុងចោលក្នុងគំនរសំរាមតាមបណ្ដោយផ្លូវ១០០៣ ស្ថិតនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លុះដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ទើបប្រជាពលរដ្ឋប្រទះឃើញសពជនរងគ្រោះ ទើបមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចតែម្តង។

ទោះជាយ៉ាងណា សំណុំរឿងនេះ ត្រូវតុលាការលើកពេលទៅប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខ៕

https://youtu.be/bmxn6LvTFu8

មតិយោបល់