ព័ត៌មានជាតិ

ស្រវឹងជិះម៉ូតូទៅបុកគោយន្តកន្ត្រៃគេចំពីក្រោយពេញទំហឹង ស្លាប់ម្នាក់ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ

កំពង់ធំៈ លោកប្រធានការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូសេ១២៥ បានបុកជាមួយនឹងគោយន្តកន្ត្រៃ បណ្តាលឲ្យបុរសម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង២៩នាទី យប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៧១ ភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ សាញ់ ស៊ុយ ប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ស្លាប់នៅមន្ទីរពេទ្យ បង្អែកបារាយណ៍-សន្ទុក ដោយបានបុកជាមួយនឹងគោយន្តកន្ត្រៃ ម៉ាកគូបូតា ក្រហម ដឹកចំនៀរឈើ (បើកគេច ត្រូវបងប្អូនយកលាក់ទុកមិនប្រគល់ជូនសមត្ថកិច្ច) បើកបរដោយឈ្មោះ ឃឿន ទឺម ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិយាយទៀង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ត្រូវសមត្ដកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍។

បច្ចុប្បន្នមធ្យោបាយធ្វើដំណើរទាំង២គ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាបន្តទៀត ចំណែកឯសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់