ព័ត៌មានជាតិ

ឪពុកនិងកូនជិះម៉ូតូឌុបគ្នាគេចរថយន្តដឹកហ្គាស បណ្តាលឲ្យកូនធ្លាក់ក្នុងចង្អូរចែកទ្រូងផ្លូវ បង្កឲ្យមានរបួស!

ភ្នំពេញៈ ស៊យមែន ឪពុកនិងកូនដឹកគ្នាមកពីលក់ត្រីនៅផ្សារចោមចៅត្រលប់មកវិញឃើញរថយន្តដឹកហ្គាសបើកទាក់ខ្សែភ្លើងភ័យពេក គេចធ្លាក់ចូលចង្អូរផ្លូវពុះកណ្តាល បណ្តាលឲ្យកូនប្រុសអាយុ១៣ឆ្នាំ រងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តាយផ្លូវ២១៧ កែងនិងផ្លូវបេតុង៥០ម៉ែត្រ ក្នុងភូមិបាគូសសង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា កុមារារងគ្រោះខាងលើមានឈ្មោះ បូ គឹមប៉ន អាយុ១៣ឆ្នាំ មានស្រុកកំណើតនៅភូមិក្បាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកអ្នកបើកបររថយន្តបង្ករមានឈ្មោះ ថេង ប៊ុនម៉ាប់ អាយុ២៦ឆ្នាំ មុខរបរបើកបររថយន្តដឹកហ្គាស មានស្រុកកំណើតនៅឃុំល្វេ ស្រុកកោះសុទិន ខេត្តកំពង់ចាម។

ប្រភពព័ត៌មានដដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកហ្គាសមួយគ្រឿងម៉ាកHino ពណ៌សលាយក្រហមពាក់ស្លាកលេខភ្នំពេញ3A-7432 បើកបរក្នុងល្បឿនយ៉ាងលឿនពីទិសដៅពីជើងទៅត្បូង ហើយរថយន្តខាងលើបានបើកទាក់ខ្សែរភ្លើងធ្លាក់រញេរញ៉ៃពេញផ្លូវ ខណៈពេលនោះក៏មានបុរសម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកCub ពណ៌ខៀវ ពាក់ស្លាកលេខបាត់ដំបង1B-8222 ឌុបកូនប្រុសអាយុ១៣ឆ្នាំនៅខាងក្រោយលើធុងដាក់ត្រី ដោយសារតែឃើញរថយន្តខាងលើបើកលឿនហើយទាក់ខ្សែរភ្លើងដូច្នេះ ធ្វើឲ្យកូនប្រុសរបស់គាត់ភ័យស្លន់ស្លោបានធ្លាក់ចូលចង្អូរពុះចែកផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ ដោយអ្នកបើកបរស្មានតែមានអ្នកស្លាប់បានព្យាយាមបើករត់គេចខ្លួនបានប្រហែល២គីឡូម៉ែត្រ សំណាងអាក្រក់រថយន្តខាងលើក៏បានបែកកង់ទៅមុខលែងរួច ត្រូវបានក្រុមអ្នករត់ម៉ូតូឌុបជិះដេញចាប់ឃាត់ខ្លួនបានអ្នកបើកបរប្រគល់ឲ្យសមត្ថកិច្ច។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុហើយយករថយន្តបង្ក និងអ្នកបើកបរមកកាន់អធិការដ្ឋានខណ្ឌដង្កោធ្វើការដោះស្រាយគ្នាតាមផ្លូវច្បប់៕

https://youtu.be/Rs3FHUMeTE4

មតិយោបល់