ព័ត៌មានជាតិ ព័ត៌មានសុខភាព

ធនាគារស្ថាបនា នៅតែគាំទ្រសកម្មភាពមនុស្សធម៌ ដោយចាត់ទុកការបរិច្ចាគឈាម ជាទង្វើមនុស្សធម៌ដ៏ល្អ

កំពង់ចាមៈ ដើម្បីចូលរួមចំណែកក្នុងការជួយជនរងគ្រោះដែលកំពុងមានតម្រូវការឈាម ក៏ដូចជារក្សាទុកក្នុងឃ្លាំងស្តុកទុកឈាម ធនាគារស្ថាបនា ភីអិលស៊ី សាខាកំពង់ចាម នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១នេះ មានកម្មវិធីបរិច្ចាគឈាមដែលរៀបចំដោយមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ កម្មវិធីបរិច្ចាគឈាមនេះ ត្រូវបានថ្នាក់ដឹកនាំ ធនាគារស្ថាបនា ចាត់ទុកថា ជាទ្វើមនុស្សធម៌ដ៏ល្អប្រពៃ និងនៅតែគាំទ្រជានិច្ច។

ប្រធាននាយកប្រតិបតិ្តផែនការ ធនាគារស្ថាបនា ភីអិលស៊ី លោក វង្ស សុខាល តំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧកញ៉ា ប៊ុន មុនី ប្រធាននាយកប្រតិបត្តិ ធនាគារស្ថាបនា ភីអិលស៊ី បានថ្លែងថា ការផ្តល់ឈាម គឺជាការចាំបាច់បំផុតសម្រាប់ជួយអាយុជីវិតមនុស្ស ព្រោះឈាមមិនអាចធ្វើការនាំចូលពីបរទេស ឬផលិតដោយឧបករណ៍ណាមួយបានឡើយ។ ការផ្តល់ឈាម ជាទង្វើមនុស្សធម៌ដ៏ល្អ និងមិនបានប៉ះពាល់ដល់សុខភាពអ្នកបរិច្ចាកឡើយ។ បុគ្គលិក ធនាគារស្ថាបនា នឹងនៅតែគាំទ្រសកម្មភាពមនុស្សធម៌ របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីបង្កើនចំនួនបរិមាណការបរិច្ចាគឈាមឲ្យកាន់តែច្រើនឡើង និងធ្វើជាគំរូល្អមួយសម្រាប់ស្ថាប័នផ្សេងៗ។ លោកបន្ថែមថា ស្ថាបនា មិនមែនជាស្ថាប័នដែលគិតតែពីប្រាក់ចំណេញឡើយ ពោល គឺស្ថាបនា តែងតែឆ្លៀតពេលដ៏មមាញឹករបស់ខ្លួន បន្តធ្វើសកម្មភាពមនុស្សធ៌មទាំងនេះបន្តទៀត ដើម្បីសង្គ្រោះជីវិត និងបង្កើនជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា ឲ្យកាន់តែប្រសើរឡើង ស្របតាមបាវចនារបស់ធនាគារ ដែលលើកឡើងថា “ស្ថាបនា ជាប្រជាធនាគារ ធ្វើឲ្យជីវិតប្រសើរឡើង”។

លោក គី រដ្ឋា នាយកនៃនាយកដ្ឋានទីផ្សារ ធនាគារស្ថាបនា ភីអិលស៊ី និងជាអ្នករៀបចំបង្កើតកម្មវិធីបរិច្ចាគឈាមជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមជារៀងរាល់ឆ្នាំ បានបញ្ជាក់ថា ស្ថាបនា តែងគិតពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងអតិថិជនទាំងអស់គ្នា ហើយការចូលរួមចំណែកអភិវឌ្ឍន៍សុខមាលភាពសង្គម ដូចជាការបរិច្ចាគឈាម ការឧបត្ថម្ភជូនមន្ទីរពេទ្យ កាកបាទក្រហម ក្មេងកំព្រា និងជនរងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗជាច្រើនទៀត គឺជាផ្នែកមួយនៃទស្សនវិស័យរបស់យើង ដែល ស្ថាបនា បានធ្វើចាប់តាំងពីការកកើតឡើងក្នុងឆ្នាំ១៩៩៥មកម្ល៉េះ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៦នេះ បុគ្គលិកធនាគារស្ថាបនា ភីអិលស៊ី ប្រមាណ៧៥នាក់ បានចូលរួមបរិច្ចាគឈាម ដែលអញ្ជើញមកពីសាខាកំពង់ចាម សាខាបុសខ្នុរ សាខាចំការលើ សាខាសួង សាខាជើងព្រៃ សាខាព្រៃឈរ សាខាស្ទឹងត្រង់ សាខាមេមត់ សាខាពញាក្រែក និងសាខាអូរាំងឪ។ នេះជាឆ្នាំទី៦ហើយ ដែលធនាគារស្ថាបនា ភីអិលស៊ី បានរៀបចំកម្មវិធីបរិច្ចាគឈាមរបស់ខ្លួន ដើម្បីជួយជនរងគ្រោះ ដែលកំពុងមានតម្រូវការឈាមចាំបាច់ ដោយក្នុងឆ្នាំ២០១៥ ស្ថាបនា បានរៀបចំកម្មវិធីបរិច្ចាគឈាមរបស់ខ្លួនចំនួនពីរលើក និងមានអ្នកធ្វើអំណោយឈាមសរុបចំនួនជាង១០០នាក់។

ធនាគារស្ថាបនា ភីអិលស៊ី មិនត្រឹមតែបានយកចិត្តទុកដាក់ក្នុងការផ្តល់ជាដំណោះស្រាយសេវាកម្មហិរញ្ញវត្ថុយ៉ាងមានប្រសិទ្ធភាពក្នុងសហគមន៍ប៉ុណ្ណោះទេ ថែមទាំងបានគាំទ្រយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ជាច្រើនក្នុងសង្គមផងដែរ។ ក្រោយកម្លាយខ្លួនជាធនាគារពាណិជ្ជ ស្ថាបនា ភីអិលស៊ី ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋកម្ពុជា។ ជាក់ស្តែង គិតមកត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ធនាគារស្ថាបនា ទទួលបានកំណើនប្រាក់បញ្ញើយ៉ាងឆាប់រហ័សរហូតដល់ ៤២៨លានដុល្លារអាមេរិក និងកំណើនអតិថិជនប្រាក់បញ្ញើដល់ចំនួន១៥៤.២៤១នាក់ ខណៈដែលទឹកប្រាក់កម្ចីបានកើនឡើងរហូតដល់ ៥៥៤លានដុល្លារអាមេរិក និងមានអតិថិជនកម្ចីសរុបចំនួន១៣០.៦៩៧នាក់៕

មតិយោបល់