ព័ត៌មានជាតិ

Update៖ តុលាការសម្រេចឃុំជនសង្ស័យម្នាក់និងបក្សពួក៤នាក់ទៀត ក្នុងរឿងទំនាស់ពាក្យសម្តីដេញវាយកាប់ចាក់គ្នាស្លាប់ម្នាក់របួសធ្ងន់ម្នាក់បណ្តោះអាសន្នហើយ

កណ្តាល: នៅល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ លោក សមំ ឬទ្ធីវាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានធ្វើការចោទប្រកាន់ជនសង្ស័យម្នាក់និងបក្សពួក៤នាក់ទៀត ក្នុងរឿងទំនាស់ពាក្យសម្តីដេញវាយកាប់ចាក់គ្នាស្លាប់ម្នាក់របួសធ្ងន់ម្នាក់បណ្តោះអាសន្នហើយ ក្រោមបទចោទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ »តាមមាត្រា ២២៤ នៃក្រមព្រហ្មទណ្ឌ។

តាមមាត្រា ២២៤ នៃក្រមព្រហ្មទណ្ឌអំពើរនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំ ទៅ១៥ឆ្នាំ កាលបើអំពើរនេះបណ្តាលឲ្យជនរងគ្រោះស្លាប់ ដោយគ្មានចេតនាសម្លាប់។

លោកសមំ ឬទ្ធីវាសនា ព្រះរាជអាជ្ញារងបានបញ្ជាក់ថា លោកបានបញ្ជូនសំណុំរឿងនេះទៅលោក គឹម ម៉េង ចៅក្រមស៊ើបសួរ សម្រេចចេញដីការឃុំខ្លួនបណ្តោះអាសន្នហើយ គឺឈ្មោះ ស្រី ផានិត ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរមានមុខរបរជាបុគ្គលិកក្រុមហ៊ុនមានទីលំនៅភូមិព្រែកតាឃិន ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល។ ចំណែកឯជនសង្ស័យ៤នាក់ក្នុងនោះមានជនដៃដល់ម្នាក់បានរត់គេចខ្លួន ក៏ធ្វើការចោទប្រកាន់ និងចេញដីកាតាមចាប់ខ្លួនដែរ។

សូមរំលឹកថា យុវជនម្នាក់ត្រូវបានស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ក្រោយពីមានទំនាស់ពាក្យសំដីនិងគ្នារួចដេញវាយតប់គ្នាពេញបរិវេណវត្តជ្រោយតាកែវ នគរបាលឃាត់ខ្លួនបានម្នាក់គេចខ្លួន៤នាក់ ហេតុការនេះកើតឡើងកាលពីម៉ោង៣ និង៥០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ស្ថិតនៅក្នុងវត្តជ្រោយតាកែវ ភូមិជ្រោយតាកែវ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះមានគ្នា២ ទី១-ឈ្មោះ ចយ ជ័យ ភេទប្រុសអាយុ ២៧ឆ្នាំជនជាតិខ្មែរមានមុខរបរជាកម្មកររស់នៅភូមិកោះចាស់ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល(ស្លាប់)ទី២-ឈ្មោះ ជូ សុងហាក់ ភេទប្រុស អាយុ ២១ឆ្នាំជនជាតិខ្មែរមានមុខរបរជាកម្មករមានទីលំ
នៅភូមិក្បាលជ្រោយ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល(រងរបួសធ្ងន់) ។

ចំណែកជនសង្ស័យមានគ្នា៥នាក់ ទី១-ឈ្មោះ ស្រី សុជាតិ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាងដែកមានទីលំនៅភូមិព្រែកតាឃិន ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល (គេចខ្លួន) ទី០២ឈ្មោះ ស្រី ផានិត ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរមានមុខរបរជាបុគ្គលិកក្រុមហ៊ុនមានទីលំនៅភូមិព្រែកតាឃិន ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល(ឃាត់ខ្លួន) ទី០៣ឈ្មោះ សេន ភឿក ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរមានមុខរបរជាកសិករមានទីលំនៅភូមិព្រែកតាឃិន ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល (រត់គេចខ្លួន) ទី៤-ឈ្មោះ ហ៊ន អ៊ាងឡាយ ភេទ
ប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាកសិករមានទីលំនៅភូមិព្រែកតាឃិន ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល(រត់គេចខ្លួន) ទី៥-ឈ្មោះ ពីង ប៉ាវ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរមានមុខរបរជាកសិករមានទីលំនៅភូមិព្រែកតាឃិន ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល(គេចខ្លួន)។

នគរបាលបានបន្តទៀត នៅមុនពេលកើតហេតុខាងលើ ជនរងគ្រោះ និងមិត្តភក្តិ បាននាំគ្នាផឹកស្រាបៀរ នៅចំណុចផ្ទះឈ្មោះ រឿន រ៉ា ស្ថិតក្នុងភូមិព្រែកតាសេក ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល ។ ដោយឡែកចំពោះក្រុមជនសង្ស័យ ក៏បានផឹកស៊ីស្រវឹងផងដែរ នៅចំណុចភូមិព្រែកតាឃិន ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល។ លុះនៅពេលកើតហេតុខាងលើ ភាគីជនរងគ្រោះ បាននាំគ្នាជិះម៉ូតូ មកដើរលេងនៅចំណុចវត្តជ្រោយតាកែវ ភូមិ-ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល ហើយក៏បានជួបនិងឈ្មោះ ស្រី ផានិត ជិះម៉ូតូមកដល់ទីនោះដែរ រួចបានទាក់ពាក្យសម្ដីគ្នា ភ្លាមនោះជនសង្ស័យឈ្មោះ សេន ភឿក និង ហ៊ន អ៊ាងឡាយ បានជិះម៉ូតូមកដល់ឃើញមិត្តរបស់ខ្លួន(ស្រី ផានិត) កំពុងតែមានទំនាស់ ពេលនោះពួកគេក៏ចូលមកជួយ និងទូរស័ព្ទហៅគ្នីគ្នាបន្ថែម បន្ទាប់ពីទាក់សម្ដីគ្នាតឹងសរសៃក រួចបានវាយគ្នាទៅវិញទៅមក ខណ:កំពុងវាយគ្នាស្រាប់តែបក្ខពួកជនសង្ស័យ២នាក់ទៀតមានឈ្មោះ ស្រី សុជាតិ និងឈ្មោះ ពីង ប៉ាវ បានជិះម៉ូតូមកដល់ ដោយក្នុងដៃរបស់ឈ្មោះ ស្រី សុជាតិ កាន់ដែកមុខស្រួច ពណ៌ស ហើយបានដេញចាក់ភាគីជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ និងស្លាប់ម្នាក់ ចំណែកឯឈ្មោះ សេន ភឿក ក៏បានទាញយកកាំបិតដេញជនរងគ្រោះ បន្ថែមទៀតតែពុំត្រូវ ។ ក្រោយកើតហេតុកម្លាំងនគរបាលប៉ុស្ដិ៍ជ្រោយតាកែវ ទទួលបានព័ត៌មានបានចុះដល់កន្លែងកើតហេតុភ្លាមៗ រួចឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ស្រី ផានិត រីឯបក្ខពួកផ្សេងទៀត បានរត់គេចខ្លួន ចំណែកឯជនរងគ្រោះត្រូវបានមិត្តភក្តិនាំយមកមន្ទីរពេទ្យបង្អែកស្រុកកោះធំ តែជនរងគ្រោះ ចយ ជ័យ បានស្លាប់មុនពេលមកដល់មន្ទីពេទ្យ ចំពោះជនរងគ្រោះឈ្មោះ ជូ សុងហាក់ ដោយរងរបួសធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលបន្តនៅឯមន្ទីរប្រទេសវៀតណាម៕

មតិយោបល់