ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

កុយ ស៊ីឌឿន ថានាយសង់ស៊ីសនៅធ្ងន់

ភ្នំពេញៈ កាលពីថ្ងៃទី៣០ ឧសភា ម្សិលមិញ គេកត់សម្គាល់ថា តារាសិល្បៈជាច្រើនបានចុះសួរសុខទុក្ខដោយផ្ទាល់ និងខ្លះផ្ដល់ជាថវិកាជួយឧបត្ថម្ភដល់លោក ម៉ារី សុន ហៅនាយសង់ស៊ីស បន្ទាប់ពីលោកបានចូលសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យអង្គរធំ នៅផ្លូវកម្ពុជាក្រោម។ យ៉ាងណាមិញ តារាសិល្បៈដែលបានទៅជួបលោកនៅក្នុងមន្ទីរពេទ្យដោយផ្ទាល់បានអះអាងថា លោកនៅក្នុងសភាពគ្រោះថ្នាក់នៅឡើយទេ ទើបពេទ្យមិនអនុញ្ញាតិឲ្យចេញ។

លោកកុយ ស៊ីឌឿន ជាអនុប្រធានសមាគមសិល្បករខ្មែរ និងជាម្ចាស់ក្លិបសិល្បៈឌីភី ក៏ដូចជាផលិតកម្មឌីភី ដែលបានចុះទៅសួរសុខទុក្ខដោយផ្ទាល់ដល់មន្ទីរពេទ្យបានអះអាងថា លោកសង់ស៊ីសនៅមិនទាន់រួចផុតពីការតាមដានរបស់ក្រុមគ្រូពេទ្យនៅឡើយទេ ដោយសារតែសម្ពាធឈាមរបស់លោកស្ថិតនៅ១៧-១៨មិនព្រមចុះនៅឡើយដែលមានន័យថាលោកនៅមានការប្រឈម។ លោកបញ្ជាក់ថា គ្រូពេទ្យបានប្រាប់លោកថានាយសង់ស៊ីសត្រូវការសម្ពាធឈាមឲ្យវិលមកកាន់សភាពដើមគឺកម្រិតលេខ១២វិញ ហើយបើលោកនៅតែរក្សា១៧-១៨ដូចពេលដែលលោកចុះទៅសួរសុខទុក្ខនោះមានន័យថា ការប្រឈមរបស់លោកនៅមិនទាន់រួចផុតនោះទេ។

លោកនិយាយថា «កាលសម្ពាធឈាមគាត់ឡើងខ្លាំងគឺដល់២០ និង២១ឯណោះ ទើបធ្វើឲ្យគាត់វៀចមុខវៀចមាត់ ប៉ុន្តែពេទ្យក៏ថាគាត់អត់ទាន់ស្រួលទេ ព្រោះសម្ពាធឈាមគាត់នៅ១៧-១៨នៅឡើយហ្នឹង ឮពេទ្យសម្ពាធឈាមអាចប្រែប្រួលឡើងចុះអត់ទៀតទេ ទើបអត់ទាន់ឲ្យចេញ!»។ លោកកុយ ស៊ីឌឿន បញ្ជាក់ថាលោកបាននាំយកថវិកាមួយចំនួនរបស់ក្រុមការងារផលិតកម្មឌីភីយកទៅប្រគល់ជូន ដោយក្នុងនោះក៏មានតារាសិល្បៈដែលបានទៅសួរសុខទុក្ខ និងទៅផ្ដល់ជំនួយដោយផ្ទាល់ជាហូរហែរដូចគ្នានឹងលោកផងដែរ។ លោកអំពាវនាវឲ្យតារាសិល្បៈរួមគ្នាជួយដល់លោកសង់ស៊ីស តាមដែលអាចធ្វើទៅបានដោយសារតែលោក គឺគ្រួសារតារាសិល្បៈដែលមិនមានជាអ្នកធូរធារណាស់ណាដូចគ្នានឹងតារាសិល្បៈមួយចំនួននោះទេ។

កញ្ញាសុន ស្រីពេជ្រ ក៏បានបង្ហោះនៅលើគណនេយ្យរបស់នាងដូចគ្នាផងដែរថា ឪពុករបស់ខ្លួនគ្រាន់តែធូរពីអាការៈធ្ងន់ធ្ងរប៉ុណ្ណោះ ប៉ុន្តែនៅមិនទាន់ដូចដើមនោះទេ។ អ៊ីចឹងហើយទើបនាងបន្តបង្ហោះសារជូនពរឲ្យលោកសង់ស៊ីសបានជាសះស្បើយដើម្បីបានត្រលប់ទៅផ្ទះ។ នាងបានថ្លែងអំណរគុណដល់តារាសិល្បៈ និងមហាជនហូរហែរដែលបានផ្ដល់ជំនួយដល់ឪពុករបស់នាង ក្នុងពេលដែលគ្រួសារនាងកំពុងមានទុក្ខ។ ក្នុងនោះគេក៏ឃើញសុន ស្រីពេជ្រ ត្រូវបែងចែកខ្លួនជា៣ទៅគិតរឿងប្អូនប្រុសដែលមានជំងឺធ្ងន់ទើបនឹងមានគ្រោះថ្នាក់ចរាចរផង និងទៅគិតរឿងជីតារបស់នាងដែលធ្លាក់ខ្លួនឈឺធ្ងន់ត្រូវសម្រាកនៅនឹងកន្ទេលនៅផ្ទះនោះផង៕

photo_2016-06-01_22-06-55photo_2016-06-01_22-06-39photo_2016-06-01_22-06-43photo_2016-06-01_22-06-46photo_2016-06-01_22-06-48photo_2016-06-01_22-06-52photo_2016-06-01_22-06-59photo_2016-06-01_22-07-02

មតិយោបល់