(កំពង់ធំ)៖ ប្រជាពលរដ្ឋនិយាយថា នៅជិតដល់រដូវបុណ្យចូលឆ្នាំនេះ សកម្មភាពអនាធិបតេយ្យ នៅចំណុចគល់ស្ពានកំពង់ថ្ម ស្ថិតនៅឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ គឺកាន់តែអាក្រក់ទៅៗ ចំណែកនគរបាល រៀបចំសណ្ដាប់នៅទីនោះ សំកុកចាំតែយកលុយ តែប៉ុណ្ណោះ។
ប្រជាពលរដ្ឋទាំងនោះ បានបន្តថា ពួកគាត់ជួបការលំបាកជាខ្លាំង ដោយសារតែថៅកែ បេន ឡាន បានយកផ្លូវសាធារណៈ នៅចំណុចនេះ ធ្វើជាចំណតបេនឡាន ឯចំណតបេនឡាននៅជាប់នឹងផ្សារកំពង់ថ្មនោះ យកទៅធ្វើជាផ្សារ ដែលបង្កឲ្យមានការកកស្ទះចរាចរ សូម្បីតែដើរចេញចូលទៅក្នុងផ្ទះ ក៏លំបាកផង ដោយសារតែរថយន្តតាក់ស៊ីទាំងនោះ ចតនៅតាមផ្លូវ និងភ្ជិតនៅខាងមុខផ្ទះគាត់ ហើយពួកគេបានប្រដេញហៅម៉ូយពេញទាំងនោះ។
មតិប្រជាពលរដ្ឋ បានបន្តថា នៅថ្ងៃជិតបុណ្យទានដូច្នេះ គឺសកម្មភាពអនាធិបតេយ្យនេះ បានកាន់តែបង្កឲ្យមានកកស្ទះ និងចង្អៀតណែនណាន់តាន់តាប់តែម្ដង ចំណែកសមត្ថកិច្ច និងថៅមេការបេនឡាន នៅលើផ្លូវសាធារណៈនេះ គឺរង់ចាំតែយកលុយពីរថយន្តតាក់ស៊ី និងប្រដេញរថយន្តតាក់ស៊ីណា ដែលមិនបង់លុយឲ្យថ្លៃបេន តែប៉ុណ្ណោះ។
ប្រជាពលរដ្ឋ បានបន្តទៀតថា ការយកចំណតរថយន្តនៅផ្សារកំពង់ថ្ម ពង្រីកធ្វើជាផ្សារ ហើយមកយកកំណាត់ផ្លូវជាតិលេខ៦ ស្ថិតនៅគល់ស្ពានកំពង់ថ្ម ធ្វើជាចំណតរថយន្តនេះ គឺកើតឡើងច្រើនឆ្នាំមកហើយ ទោះជាមានការរិះគន់ និងសំណូមពរពីប្រជាពលរដ្ឋយ៉ាងណាក្ដី ហើយនៅចំណតរថយន្តនៅលើផ្លូវសាធារណ:នេះ ក្រៅពីរថយន្តតាក់ស៊ីទៅភ្នំពេញ គឺមានរថយន្តកូរ៉េ និងស៊ាំយ៉ុង ទៅស្រុកសណ្ដាន់ និងខេត្តកំពង់ចាម ទៀតផង។
ចំណែកឯតៃកុងតាក់ស៊ី បានប្រាប់អ្នកសារព័ត៌មានថា ថៅកែបេនឡាននេះ បានយកលុយពីពួកគេគ្រប់ចំនួន គឺ១រថយន្ត ថ្លៃពី ៥០០០រៀល ទៅ ១០០០០រៀល ហើយបើរថយន្តណាមិនបង់ទេនោះ ពួកគេនិងប្រដេញ ហើយទារថ្លៃជាងនេះ។
លោកហ៊ី ប៊ុនថាន មេឃុំបល្ល័ង្គ និងជាប្រធានជាគណៈកម្មាធិការផ្សារ និងបេនឡាននេះ បាន ប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទថា ដោយសារតែទីផ្សារកំពង់ថ្ម មិនមានទីកន្លែងឲ្យ ប្រជាពលរដ្ឋលក់គ្រប់គ្រាន់ ទើបពួកគាត់ពង្រីកចេញពីទីផ្សារ មកលក់នៅចំណតបេនឡាន ហើយទោះជាមានការសម្របសម្រួលជាច្រើនលើកមកហើយ ក៏ពួកអាជីវករទាំងនោះ មិនថយចេញដែរ។
លោក ហ៊ី ប៊ុនថាន បានបន្តឲ្យដឹងថា គាត់ទទួលស្គាល់ថា មានការកកស្ទះចរាចរ និងបាត់បង់សណ្ដាប់ធ្នាប់នៅទីនោះ ប៉ុន្តែគាត់មិនមានលទ្ធភាពអ្វីលើសនេះទេ ហើយគាត់បានសុំឲ្យស្រុក និងខេត្តចុះមកជួយរៀបចំករណីនេះដែរ ប៉ុន្តែមិនទាន់មានលទ្ធផល។
លោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍បានប្រាប់ឲ្យដឹងថា ថ្វីត្បិតតែរថយន្តតាក់ស៊ី ទាំងនោះមិនបានចូលទៅចតនៅក្នុងចំណតមែន ប៉ុន្តែលោកបានឲ្យខាងប៉ូលិស ទៅរៀបចំសណ្ដាប់ធ្នាប់នៅទីនោះ ដើម្បីជួយសម្រួលក្នុងធ្វើចរាចរដែរ៕
មតិយោបល់