ព័ត៌មានជាតិ

សមត្ថកិច្ច ខេត្តកំពង់ឆ្នាំង មិនទាន់ចាប់ខ្លួនជនសង្ស័យ ៥នាក់ ដែលរត់គេចខ្លួន ក្នុងអំពើហិង្សាដោយចេតនា បាននៅឡើយទេ

(កំពង់ឆ្នាំង)​៖​ នៅវេលា​ម៉ោង​ប្រមាណ​៨​និង​៣០​នាទី​យប់ ថ្ងៃទី ៣១ ខែ​មិនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​នៅ​ភូមិ​ចំការ​តា​ម៉ៅ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​ទំនាស់​ពាក្យសំដី​បាន​បង្ក​ឲ្យទៅជា​ អំពើ​ហិង្សា​មួយ​បាន​​កើត​ឡើង ដោយ​មនុស្ស​មួយ​ក្រុម​មាន​គ្នា​៩​នាក់​ បាន​នាំគ្នា​ចូល​មក​វាយ​លើ​ប្តី​ប្រពន្ធ ២​នាក់ ​នៅក្នុង​លំនៅដ្ឋាន​របស់គាត់​តែម្តង ​ដែល​មាន​ផ្ទះ​នៅ​ជិតគ្នា​ និង​បាន​បង្ក​ឲ្យ​មាន​ប្តី​ប្រពន្ធ​ខាងលើ​របួស​ធ្ងន់ធ្ងរ ​ ចំណែក​ជន​ដៃដល់​៤​នាក់​ក្នុងចំណោម​៩​នាក់ ​ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដឹកនាំ​ដោយ​លោក ពេជ្រ រី ចាប់​ខ្លួនបាន​ក្រោយពេល​កើតហេតុ​មួយថ្ងៃ​។​បច្ចុប្បន្ននេះ​ប្តី​ប្រពន្ធ​ខាងលើ​សម្រាក​ព្យាបាល​ថែទាំ​ជំងឺ​នៅឡើយ​។

សាច់ញាតិ​ជនរងគ្រោះ​ បាន​ឲ្យ​ដឹងថា​ ឈ្មោះ ទេស សារ៉ុន ​ដែល​ជា​ជន​គ្រោះ​ បាន​ជេ​រ​ និង​ស្តី​បន្ទោស​ចៅ​ របស់​គាត់​ម្នាក់ ​ដែល​បាន​ប្រើ​ឲ្យ​ទៅ​ទិញ​ទឹក​សុទ្ធ ​នៅពេល​ចៅ​យក​ទឹក​សុទ្ធ​មក​ ក៏បាន​ធ្វើ​ឲ្យ​របូត​ធ្លាក់​ដល់​ដី ​ហើយ​ឈ្មោះ ទេស សារ៉ុន ​ក៏បាន​ស្តីបន្ទោស ​ចំណែក​ឯខាង​ក្រុម​ជន​បង្ក​ដែលមាន​ផ្ទះ​នៅ​ជាប់​គ្នា​យល់ថា​ឈ្មោះ​ទេស សារ៉ុន ជេ​រប្រមាថ​ខ្លួន​ ហើយ​បាន​ឆ្លងឆ្លើយ​សំដី​ដាក់​គ្នា​ទៅវិញទៅមក ក៏បាន​ឈាន​ដល់​ខាង​ជន​ដៃដល់​បាន​លើកគ្នា​៩​នាក់​ សម្រុក​មក​វាយ​ឈ្មោះ ​ទេស សារ៉ុន​ និង​ប្រពន្ធ ដល់​ក្នុងផ្ទះ​តែម្តង​។​ក្រោយមក​ប្តី​ប្រពន្ធ​ខាងលើ​បាន​សន្លប់​បាត់​ស្មារតី​ហើយ​ត្រូវ​បាន​អ្នកជិតខាង​ដឹក​មកកាន់​មន្ទីរពេទ្យ​ខេត្ត​ទាំងយប់​ដើម្បី​សង្គ្រោះ​បន្ទាន់​។

ជនដៃដល់​៤​នាក់​ក្នុងចំណោម​បក្ខពួក​៩ ​នាក់​ ត្រូវ​បាន​នគរបាល​ការិយាល័យ​កម្រិត​ស្រាល ​លោក ពេជ្រ រី ចាប់ខ្លួន នៅ​ថ្ងៃទី ០១​ខែមេសា ឆ្នាំ​២០១៦ វេលា​ម៉ោង ៨​និង​៣០​នាទី​ព្រឹក ​ពី​បទ​ហិ​ង្សា ដោយ​ចេតនា យោង​ពាក្យ​បណ្តឹង​របស់​ជន​រ​ង​គ្រោះ​ឈ្មោះ ទេស សារ៉ុន និង​ប្រពន្ធ​។​

ជនដៃដល់​ទាំង​៤​នាក់ ​មានឈ្មោះ​៖១.​ ឈ្មោះ​ស៊ន ភារ​ម្យ (​ហៅ​ធឿន​)២. ឈ្មោះ ស៊ន សារិទ្ធ​(​ហៅ ថន​)៣. ឈ្មោះ ស៊ន ភា​រ៉ុ​ន​(​ហៅ ថា​)​ទាំង​៣នាក់ ​នេះ​ត្រូវជា​បងប្អូន​បង្កើត ​និង​ទី​៤. ឈ្មោះ ម៉ៅ​។​ចំណែក ​ជនរងគ្រោះ​មាន​ ឈ្មោះ​ទេស សារ៉ុន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ត្រូវជា​ប្តី ​និង​ប្រពន្ធ​ឈ្មោះ ញ៉ែម ប៊​ន អាយុ​៥៧​ឆ្នាំ ជន​ដៃដល់​និង​ជនរងគ្រោះ រស់នៅ​ភូមិ​ចំការ​តា​ម៉ៅ​ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​ដូចគ្នា​។​

​ក្រោយពី​ការ​ចាប់ខ្លួន​ជនដៃដល់​ទាំង​៤​នាក់​ ខាងលើ រួម​និង​មនុស្ស​៥​នាក់​ទៀត ដែល​សមត្ថកិច្ច​មិន​ទាន់​ចាប់ខ្លួន​នោះ​ ក៏បាន​លេច​លឺ​ថា ​អ្នកមានអំណាច​ម្នាក់​ បម្រុង​និង​រត់ការ​ទៅកាន់​តុលាការខេត្ត ដើម្បី​សុំ​ឲ្យ​ជន​ដៃដល់​ទាំង​៤​នាក់​ នៅក្រៅ​ឃុំ​។​

លោក ពេជ្រ រី​ ប្រធានការិយាល័យ ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរ​បាល​ខេត្ត​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ករណី​ហិង្សា​ដោយ​ចេតនា​ខាង​នេះ លោក​បាន​កសាង​និង​បញ្ជូន​សំណុំរឿង​ ជន​ដៃដល់​ទាំង​៤​នាក់​ខាងលើ ​ទៅកាន់​តុលាការខេត្ត ​នៅវេលា​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល​រួចរាល់​ហើយ ​ដើម្បី​តុលាការ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​ រហូតមកដល់​បច្ចុប្បន្ន​នៅ​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៦​នេះ ជន​ដល់​ដៃដល់​ដែល​ពាក់ព័ន្ធ​ចំនួន​៥​នាក់​ ដែល​រត់គេចខ្លួន​នោះ​សមត្ថកិច្ច​មិនទាន់​បាន​ធ្វើការ​ចាប់ខ្លួន​នៅឡើយ​ទេ​ ដែល​ជា​ហេតុ​ធ្វើឲ្យ​ក្រុម​គ្រួសារ​ជនរងគ្រោះ​មានការ​ភ័យខ្លាច​ព្រួយបារម្ភ​ក្រែង​ជន​ទាំង​៥​នាក់​នោះ​វិល​មករ​ក​រឿង និ​ង​បង្ក​បញ្ហា​ថែមទៀត ។

សូមបញ្ជាក់​ថា ​ក្នុងករណី​ការប្រើ​អំពើ​ហិង្សា​ខាងលើនេះ​ ក្រុម​ជន​​ដៃដល់​ទាំងនោះ ក្រោយ​ធ្វើ​សកម្មភាព​ប្រើ​អំពើ​ហិង្សា​វាយ​មកលើ​ជនរងគ្រោះ​រួច​មុន​រត់​គេ​ខ្លួន​បាន​ដណ្តើម​យក​ទូរស័ព្ទ​របស់​កូ​ន​ស្រី​ប្តី​ប្រពន្ធ​ជនរងគ្រោះ​ម៉ាក​សាំ​ស៊ុ​ង ​A7 ​មួយ​គ្រឿង​ទៅ​បាត់ ។ ​ដែល​ករណីនេះ អ្នក​ជិតខាង និង​សាច់ញាតិ​ជនរងគ្រោះ​បាន​ចាត់ទុក​ថា​ ជា​ការ​ប្រើ​អំពើ​ហិង្សា និង​ប្លន់​ជនរងគ្រោះ ​ហើយ​សំណូមពរ​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​មេត្តា​មាន​វិធានការណ៍​ចាប់ខ្លួន​ជនសង្ស័យ​ដែល​រត់​គេចខ្លួន ​និង​ជនសង្ស័យ​ដែល​ចាប់ខ្លួន​បាន​ យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​ ដើម្បី​ពង្រឹង​នូវ​គោលនយោបាយ​ភូមិ​-​ឃុំ​ មាន​សុវត្ថិភាព ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​។

​ពាក់ព័ន្ធ​និង​ការដែល​សមត្ថកិច្ច​មិនទាន់​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់​ ដែល​រត់គេចខ្លួន​នោះ នៅ​ព្រឹក​ថ្ងៃទី​០៨ ​ខែ​មិនា ឆ្នាំ​២០១៦​នេះ ​លោក គឹម ហុង​សាន្ត ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​ បានឲ្យ​ដឹង​​ថា​ លោក​កំពុងធ្វើការ​សាកសួរ​ជនសង្ស័យ​ចំនួន​៤​នាក់​ ក្នុងចំណោម​៩​នាក់​ដែល​សមត្ថកិច្ច​នគរបាល​បញ្ជូន​មក ​ដើម្បី​ឈាន​ទៅ​ចាប់ខ្លួន​អ្នក​ពាកព័ន្ធ​ផ្សេងទៀត​ដើម្បី​ធ្វើ​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់ ។

ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង រង់ចាំ​មើលថា​ តើ​ជនសង្ស័យ​ទាំង​៩​នាក់​ខាង​លើនេះ ​និង​ទទួល ទោស​តាមផ្លូវ​ច្បាប់​ឬ​យ៉ាងណា​ ឬមួយ​អាច​រួចខ្លួន​តាម​វិធី​ណាមួយ ៕

6f0a6c9a-9f53-49e5-9b9f-7392e28900c4 519aa052-b454-4123-bf4e-96f06d5961d7 927ab0df-09d3-425f-8770-4f6216fca470 ed4dcac4-7c34-4631-94f3-f2c0f9eabf46

មតិយោបល់