ព័ត៌មានជាតិ

ឡានដឹកទឹកកក បើកលឿនខ្លាំងទៅបុកក្បាលនាគចែកទ្រូងនិងបង្គោលភ្លើង ខ្ទេចក្បាលខាងមុខ!

ភ្នំពេញៈ បុរសម្នាក់បើករថយន្តកូរ៉េដឹកទឹកកក មួយគ្រឿង ក្នុងល្បឿនលឿន ងោកមួយភាំង ស្រាប់តែរថយន្តរេចង្កូតរថយន្តទៅបុកក្បាលនាគនឹងរបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរលំចំនួន២កង់ និងបាក់បង្គោលភ្លើងបំភ្លឺផ្លូវ១ដើម បណ្តាលឲ្យរថយន្តខ្ទេចកាប៊ីនខាងមុខ និងបណ្តាលឲ្យអ្នកបើកបររថយន្តរបួសបាក់ភ្លៅខាងឆ្វេងព្រោះគាបជាប់ក្នុងកាប៊ីន ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ។

ហេតុការណ៍នេះបានកើតទ្បើងកាលពីវេលាម៉ោង៣និង៥០នាទីទៀបភ្លឺឈានចូលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ខាងមុខអនុវិទ្យាល័យនិងបឋមសិក្សាពោធិ៍ចិនតុង ភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តបង្កម៉ាក ហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-3479 បើកបរដោយបុរសម្នាក់ មានវ័យប្រហែល២០ឆ្នាំជាង បើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ី ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុដោយសារតែអ្នកបើកបររថយន្តងោកមួយភាំង រេចង្កូតទៅខាងឆ្វេងបុកនឹងក្បាលនាគចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរលំអស់២កង់ រួមទាំងបង្គោលភ្លើងបំភ្លឺផ្លូវ១ដើមទៀត បាក់ទ្រេតជិតដល់ដី។ ចំណែកឯរថយន្តបង្ក រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯអ្នកបើកបររងរបួសបាក់ភ្លៅខាងឆ្វេងត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យព្រះកុសុមៈ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងដល់កន្លែងកើតហេតុ និងបាននាំយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយតាមផ្លូវច្បាប់បន្តទៀត៕

https://youtu.be/PxAVso4-3Ws

មតិយោបល់