អាមេរិកៈ ប្រធានមន្ទីរប៉ង់តាហ្គោន លោក James Mattis បាននិយាយថា រាល់ការគំរាមកំហែងណាមួយដល់អាមេរិក ឬសម្ព័ន្ធមិត្តរបស់ខ្លួន ពីសំណាក់កូរ៉េខាងជើង នឹងត្រូវបានឆ្លើយតបទៅវិញដ៏ខ្លាំងក្លា ជាមួយកម្លាំងយោធា។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧។
ប្រសាសន៍របស់លោក បានកើតឡើងបន្ទាប់ពីការថ្លែងសុន្ទរកថា ពាក់ព័ន្ធនឹងសន្តិសុខថ្នាក់ជាតិមួយ ជាមួយប្រធានាធិបតីលោក ដូណាល់ ត្រាំ ស្តីពីការសាកល្បងនុយក្លេអ៊ែរចុងក្រោយ របស់រដ្ឋកុម្មុយនិស្ត។
សូមជំរាបថា ក្រុងព្យុងយ៉ាង បាននិយាយថា ខ្លួនបានទទួលជោគជ័យនូវតេស្តសាកល្បងគ្រាប់បែកអ៊ីដ្រូសែន ដែលអាចបំពាក់នៅលើមីស៊ីលរយៈចម្ងាយឆ្ងាយបាន ដោយទង្វើនេះ បានធ្វើឲ្យមានការថ្កោលទោស ពីអន្តរជាតិផងដែរ។
មកទល់ពេលនេះ គេសង្កេតឃើញថា កូរ៉េខាងជើង នៅតែគឃ្លើនបើទោះបីមានការដាក់ទណ្ឌកម្ម ដោយអង្កការសហប្រជាជាតិ និងសម្ពាធអន្តរជាតិយ៉ាងណាក៏ដោយ ប៉ុន្តែរបបមួយនេះ នៅតែបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងការសាកល្បងមីស៊ីល ដែលមានសក្តានុពល អាចវាយប្រហារទៅដល់សហរដ្ឋអាមេរិក។
ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋលេខាធិការក្រសួងការពារជាតិអាមេរិក បានអះអាងថា ក្រុងវ៉ាស៊ីនតោន មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីការពារខ្លួន រួមទាំងសម្ព័ន្ធមិត្តកូរ៉េខាងត្បូង និងជប៉ុនផងដែរ៕

មតិយោបល់