ព្រៃវែងៈ លោកអធិការស្រុកពារាំង បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ២គ្រឿង បានបុកគ្នាបណ្តាលឲ្យលោកយាយម្នាក់ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទី រសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រ៥៦ -៥៧ ក្នុងភូមិស្នាយពល ឃំុរកា ស្រុកពារាំង ខេត្តព្រៃវែង។
មុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ក្រចេះ 1C-6664 បើកបរដោយឈ្មោះ អីុ សុធាភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះលេខ ៨EO ផ្លូវ២៦៥ ភូមិលេខ១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ក៏មានម៉ូតូ១គ្រឿងទៀតម៉ាកធូដេ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ ខែក យ៉ាន ភេទស្រី អាយុ៦៩ឆ្នាំ នៅភូមិស្នយពល់ ឃំុរកា ស្រុកពារាំង ឆ្លងកាត់ផ្លូវពីត្បូងទៅជើង បណ្តាលឲ្យកៀរម៉ូតូសេ១២៥ដួលទៅលើដងផ្លូវ បណ្តាលឲ្យលោកយាយដែលជិះម៉ូតូធូដេ រងរបួស ត្រូវបានរថយន្តសង្គ្រោះដឹកទៅភ្នំពេញ។ ចំណែកអ្នកបើកបរម៉ូតូសេ១២៥ រង
របួសស្រាល។
ក្រោយកើតហេតុ ម៉ូតូទាំង២គ្រឿងខាងលើ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពារាំង រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត៕





មតិយោបល់