ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកា សម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ អង សំណាង ដែលបានរឹតកសម្លាប់កូនស្រីបង្កើត និងច្របាច់កសម្លាប់ឪពុកក្មេកជាបណ្ដោះអាសន្នហើយ។
ប្រភពដដែលធ្លាប់បានបញ្ជាក់ថា លោក ងិន ពេជ្រ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លើឈ្មោះ អង សំណាង ហៅ ខ្មៅ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទៀប ខេត្តស្វាយរៀង ពីបទ ឃាតកម្មគិតទុកជាមុន ប្រព្រឹត្តកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧ យោងតាមមាត្រា ២០០នៃក្រមព្រហ្មទណ្ឌ ដែលប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
គួររំលឹកថា កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧ ជនត្រូវចោទបាន រឹតកសម្លាប់កូនស្រីបង្កើតឈ្មោះ ពេជ ចរិយា អាយុ៣ឆ្នាំ ដោយរឹតកនឹងខ្សែភ្លើង នៅក្នុងផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិ សំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រោយសម្លាប់កូនស្រីរួច នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧ ជនត្រូវចោទបានរត់គេចខ្លួនទៅខេត្តស្វាយរៀង ដើម្បីទៅច្របាច់កសម្លាប់ឪពុកក្មេកឈ្មោះ ពេជ ជឿ ភេទប្រុស អាយុ ៥៧ឆ្នាំ ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ ដោយច្របាច់កនៅក្នុងបន្ទប់ទឹក។
ដើមចមនៃអំពើឃាតកដ៏សាហាវនេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧កន្លងទៅជនត្រូវចោទ បាន ឱ្យម្តាយក្មេកកោសខ្យល់ឱ្យនៅផ្ទះ ក្នុងភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទៀប ខេត្តស្វាយរៀង។
ពេលកំពុងកោសខ្យល់នោះ ជនត្រូវចោទបានលួចស្ទាបអង្អែលម្តាយក្មេក បំរ៉ុងចាប់រំលោភម្តាយក្មេកតែរំលោភមិនបាន ទើបព្យាយាមច្របាច់ក ម្តាយក្មេកសម្លាប់ចោល ប៉ុន្តែជនរងគ្រោះរត់ឲ្យអ្នកជិតខាងជួយទាន់ពេល។
ក្រោយប៉ុនប៉ងរំលោភម្តាយក្មេកមិនបានសម្រេរួច ជនត្រូវចោទ បានគំរាមថា បើម្តាយក្មេកហ៊ានប្តឹងសមត្ថកិច្ច រូបគេនឹងសម្លាប់ក្រុមគ្រួសារម្តាយក្មេកមួយពូជតែម្ដង។
លុះនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ប្រពន្ធរបស់ជនត្រូវចោទ បានសុំលែងលះជនសង្ស័យ ដោយសារដឹងមូលហេតុថា ប្តីបានប៉ុនប៉ងរំលោភម្តាយបង្កើតរបស់ខ្លួន ទើបជនសង្ស័យបានយកកូនស្រីអាយុ៣ឆ្នាំ ទៅភ្នំពេញជាមួយខ្លួន និងសម្លាប់ចោលតែម្តង។
សមត្ថកិច្ចនៃស្នងការនគរបាលរាជធានីភ្នំពេញបានសហការជាមួយនគរបាលខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនត្រូវចោទ កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅស្រុកកំណើតនៅភូមិទួលអាទិន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕
https://youtu.be/d4RhrsZJiKE
មតិយោបល់