ព័ត៌មានជាតិ

ព្រះរាជអាជ្ញាខេត្តប៉ៃលិនថា មន្ទីរសុខាភិបាលជាអ្នកសុំលោកឲ្យដោះលែងគ្រូពេទ្យដែលចាក់ថ្នាំក្មេងស្លាប់!

ភ្នំពេញ: លោក តូច ភក្តី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិនបាន បញ្ជាក់តាមទូរសព្ទប្រាប់ Post News ថានៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧នេះថា ករណីជនសង្ស័យឈ្មោះ ទូច គឹមញ្ញាណ ជាគ្រូទេព្យយោធា ដែលពាក់ព័ន្ធករណីចាក់ថ្នាំទារកអាយុ៤ខែស្លាប់នោះ ត្រូវបានមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន ស្នើសុំឲ្យលោកដោះលែង និងស្នើសុំបញ្ជូនតែរបាយការណ៍ទៅតុលាការបានហើយ ដោយមិនចាំបាច់ បញ្ជូនខ្លួនជនសង្ស័យទៅនោះទេ ពោលគឺគេហៅថា សំណុំរឿងមិនមានខ្លួន។

ព្រះរាជអាជ្ញារូបនេះ បានអះអាងថា មន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្ត ក្នុងការស្នើសុំលោកឲ្យដោះលែងជនសង្ស័យរូបនេះ ដោយបានផ្តល់ហេតុផលថា មន្ត្រីជំនាញរបស់មន្ទីរមិនដែលបានជួបសំណុំរឿងបែបនេះពីមុនមកទេ ទើបការប្រមូលឯកសារពាក់ព័ន្ធអាចត្រូវចំណាយពេលយូរ នាំឲ្យមានការឃុំខ្លួនជនសង្ស័យលើនីតិវិធី ដូច្នេះមានតែស្នើសុំឲ្យព្រះរាជអាជ្ញាដោះលែងជនសង្ស័យសិន។

លោកបន្តថា ព័ត៌មានដែលថាលោកបានដោះលែងជនសង្ស័យខាងលើនោះគឺមិនពិតទេ ព្រោះខាងអយ្យការរបស់លោកនៅមិនទាន់ទាំងទទួលបានរបាយការណ៍ផងកុំថាឡើយបានទទួលមនុស្សយកទៅដោះលែងនោះ។ ហើយលោកថា បើចង់ដឹងច្បាស់សូមទៅសួរខាងមន្ទីរសុខាភិបាលខេត្តទៅ។

ពាក់ព័ន្ធករណីនេះ យើងក៏បានសុំការបញ្ជាក់ពីលោក អាង នាង ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិនតាមទូរសព្ទផងដែរ តែនៅលោកថា លោកកំពុងប្រជុំ មិនអាចនិយាយបានទេ។

ដោយឡែកលោក រី ដារ៉ា អធិការស្តីទី នគរបាលស្រុកសាលាក្រៅ បានបញ្ជាក់តាមទូរសព្ទថា នៅល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ សមត្ថកិច្ចបានសហការជាមួយមន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានចុះឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ទូច គឹមញ្ញាណ ភេទប្រុស ជាពេទ្យយោធា និងជាម្ចាស់គ្លីនិកថែទាំវិជ្ជសាស្ត្រ មានទីតាំងស្ថិតនៅក្បែរផ្សារសាលាក្រៅ ក្នុងភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោកថា ដោយសារតែមន្ត្រីជំនាញមិនមានកន្លែងឃាត់ខ្លួនជនសង្ស័យនោះ ទើបគេផ្ញើជនសង្ស័យរូបនេះនៅកន្លែងរបស់លោកសិន លុះដល់ម៉ោងប្រហែល៣រសៀល ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ មន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្តបានមកអធិការដ្ឋាននគរបាលលោក ឲ្យលោកដោះលែងជនសង្ស័យទៅផ្ទះវិញដោយសារតែពួកគេបានស្នើសុំទៅព្រះរាជអាជ្ញារួចហើយ។ ដោយសារតែសំណុំររឿងនេះជារបស់មន្ត្រីជំនាញមន្ទីរសុខាភិបាល និងមានការឯកភាពពីព្រះរាជអាជ្ញាផងនោះ លោកក៏ដោះលែងជនសង្ស័យឲ្យមានសេរីភាពវិញទៅ។

គួររំលឹកថា ជនសង្ស័យ ឈ្មោះ ទូច គឹមញ្ញាណ ភេទប្រុស ជាពេទ្យយោធា និងជាម្ចាស់គ្លីនិក ថែទាំវិជ្ជសាស្ត្រ មានទីតាំងស្ថិតនៅក្បែរផ្សារសាលាក្រៅ ក្នុងភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅបានរងការចោទពីឪពុកម្តាយទារករងគ្រោះ ថាបានចាក់ថ្នាំ និងព្យួរសេរ៉ូមកូនពួកគាត់ឈ្មោះ ត្រី វ៉ាឈិ អាយុ៤ខែ ដែលគ្រុនក្តៅកាលពីរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ បណ្ដាលឲ្យស្លាប់។

យោងតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយពីមានរឿងចាក់ថ្នាំស្លាប់អ្នកជំងឺខាងលើនោះ លោកវេជ្ជបណ្ឌិត សៀក រតន: អនុប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានចុះទៅ ត្រួតពិនិត្យនៅគ្លីនិកខាងលើ ដោយរកឃើញថា ម្ចាស់គ្លីនិកខាងលើគ្មានសិទ្ធិ ដើម្បីចាក់ថ្នាំព្យាបាលអ្នកជំងឺណាម្នាក់នោះទេ ព្រោះគាត់រៀនផ្នែកពេទ្យបានត្រឹមតែរយ:ពេល៣ឆ្នាំប៉ុណ្ណោះ ពោលគឺផ្នែកបរិញ្ញាបត្រគិលានុបដ្ឋាយិកា ហើយបើចង់ឲ្យក្លាយទៅជាគ្រូពេទ្យ ដែលមានសិទ្ធិអាចព្យាបាល ចាក់ថ្នាំស្របច្បាប់បាន ទាល់តែរៀនចាប់ពី៥ទៅ៨ឆ្នាំ ។

មន្ត្រីជំនាញបានរកឃើញថា គ្លីនិកខាងលើ មានគ្រែសម្រាកព្យាបាលអ្នកជំងឺរហូតដល់៣ ដោយអាចឲ្យអ្នកជំងឺស្នាក់នៅទីនោះបាន ដែលផ្ទុយនឹងច្បាប់អនុញ្ញាត។

ម្យ៉ាងវិញទៀត គាត់មិនព្រមបញ្ជូនទារកខាងលើទៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីសង្គ្រោះបន្ទាន់នោះទេ ដោយទុករហូតទារកនោះស្លាប់៕

មតិយោបល់