ព័ត៌មានជាតិ

ឃុំខ្លួន ជនបរទេសប្រុសស្រី៣នាក់ ពាក់ព័ន្ធរឿងដឹកគ្រឿងញៀន ជាង១គីឡូឆ្លងកាត់កម្ពុជា

ភ្នំពេញៈ យោងតាមការបញ្ជាក់របស់លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាម Telegram ថានៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧នេះ ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទចំនួន ៣នាក់ ពីបទ ដឹកជញ្ជូនសារធាតុញៀនដោយខុសច្បាប់។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានឱ្យដឹងនៅរសៀលនេះថា ជនត្រូវចោទជាជនបរទេសទាំង៣នាក់ ដែលត្រូវបានលោកស្រី ស៊ លីណា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្ដោះអាសន្ននោះរួមមាន៖

១- ឈ្មោះ FortuneEgwuonwu ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ នីហ្សេរីយ៉ា
២- ឈ្មោះ Meyer Nancy Lela ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិ អាមេរិកាំង
៣- ឈ្មោះ Tippapat Mueanchan ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិ ថៃ

គួររំលឹកថា ដោយមានការសម្របសម្រួលរបស់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងក្រុងភ្នំពេញ កម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនត្រូវចោទទាំង៣នាក់ខាងលើកាលពីអំឡុងថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ នៅទី១ ចំណុចអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងទី២ចំណុចមុខ សណ្ឋាគារសំណាងល្អភ្នំពេញ តាមបណ្តោយផ្លូវលេខ៣០៤ ស្ថិតក្នុងសង្កាត់អូឡាំពិក
ខណ្ឌចំការមន។

ប្រតិបត្តិការបង្ក្រាបជនត្រូវចោទខាងលើ សមត្ថកិច្ចបានរកឃើញគ្រឿងញៀនប្រភេទម្សៅ ឈ្មោះ កូកាអ៊ីន (Cocaine) ទម្ងន់ សរុប ចំនួន ១២៣៧.៥ក្រាម ដែលលាក់បង្កប់ក្នុងឆ្អឹង និងបាតវ៉ាលីខោអាវ។

យោងតាមសមត្ថកិច្ច ករណីខាងលើនេះ ជាករដឹកជញ្ជូនគ្រឿងញៀន ឆ្លងដែនដោយខុសច្បាប់មកពីប្រទេសប្រេស៊ីល ដោយឆ្លងកាត់ ទីក្រុង Addis Ababa នៃប្រទេសអេត្យូពី ទីក្រុង ហុងកុង នៃប្រទេសចិន និងទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា ហើយគោលដៅចុងក្រោយ ទៅទីក្រុងបាងកក ប្រទេសថៃ៕

មតិយោបល់