ភ្នំពេញៈ ដូចអ្វីដែលបានគ្រោងទុកនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក លឹម មករន្ទ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេច ផ្តន្ទាទោសជនជាប់ចោទ។
ជនជាប់ចោទទាំងនោះ ទី១ឈ្មោះ ចាន់ រតនា ហៅហ្គោល ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ទី២ឈ្មោះ ប៊ុន រ៉ាយុទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ដាក់ពន្ធនាគារក្នុងម្នាក់ៗ កំណត់រយៈពេល៣០ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន៨០លានរៀលចូលជាថវិការដ្ឋ។ ទី៣ឈ្មោះ Innocent Onwumere Okafor ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ទី៤ឈ្មោះ Eric Chinedu Ankeke ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិនីហ្សេរីយ៉ា និងទី៥ឈ្មោះ Moses Chigozie Enebechi ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ដាក់ពន្ធនាគារក្នុងម្នាក់ៗ កំណត់រយៈពេល អស់មួយជីវិត និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន១០០លានរៀលចូលជាថវិការដ្ឋ។ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រភេទមេតំហ្វេតាមីន ចំនួន១០៩៨.១១ក្រាម (ជាងមួយគីឡូ) ប្រព្រឹត្តនៅផ្លូវបេតុង សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ យោងតាមមាត្រា៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
នៅក្នុងសវនាការកាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧កន្លងទៅជនជាប់ចោទឈ្មោះ ចាន់ រតនា និងឈ្មោះ ប៊ុន រ៉ាយុទ្ធ បានឆ្លើយថា ពួកគេបានស្គាល់ជនជាប់ចោទឈ្មោះ Innocent Onwumere Okafor បាន៧ខែ រហូតដល់ថ្ងៃចាប់ខ្លួន។
ពួកគេបន្តថា ក្រោយស្គាល់គ្នា ឈ្មោះ Innocent Onwumere Okafor បានឲ្យពួកគេយកគ្រឿងញៀនពីជនជាប់ចោទយកទៅឲ្យភ្ញៀវ ដោយឲ្យថ្លៃសេវា២០០ដុល្លារ សម្រាប់ការងារម្តង។
ដោយឡែងជនជាប់ចោទឈ្មោះ Innocent Onwumere Okafor ឈ្មោះ Eric Chinedu Ankeke និងឈ្មោះ Moses Chigozie Enebechi បានបដិសេធថា ពួកគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការនោះទេ។ ហើយពួកគេក៏មិនដែលស្គាល់ឈ្មោះ ចាន់ រតនា និងឈ្មោះ ប៊ុន រ៉ាយុទ្ធ នោះទេ៕
https://youtu.be/YEhy4V5qaQo
មតិយោបល់