ព័ត៌មានជាតិ

បុគ្គលិកម្នាក់ឡើងបញ្ឆេះរថយន្ត ស្រាប់តែជាប់លេខជ្រុលបុកទ្វារដែក និងម៉ូតូរងរបួសស្រ្តីម្នាក់ រួចជ្រុលទៅធ្លាក់ចូលប្រឡាយ

ភ្នំពេញ: បុគ្គលិករបស់សាលាបង្រៀន ហ្រ្គីន ហូមម្នាក់ឡើងបញ្ឆេះរថយន្ត ស្រាប់តែរថយន្តខាងលើជាប់លេខ បណ្ដាលឲ្យជ្រុលទៅបុករបងទ្វារដែក បាក់អស់ពីរផ្ទាំង និងទៅបុកម៉ូតូបណ្ដាលឲ្យស្ត្រីម្នាក់រងរបួស បញ្ជូនទៅសង្គ្រោះភ្លាមៗ ហើយក៏បន្ថែមល្បឿនធ្លាក់ចូលក្នុងប្រឡាយ ទើបឈប់តែម្ដង បណ្ដាលរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង០០ នាទីថ្ងៃត្រង់ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងបុគ្គលិកដែលធ្វើការនៅក្នុងសាលារៀន ហ្រ្គីន ហូម ខាងលើ បានយកសោទៅបញ្ឆេះរថយន្តម៉ាកសាំយ៉ុង ពាក់ស្លាកលេខ ភ្នំពេញ 2T-2010 កំពុងតែបញ្ឆេះនោះសង្ស័យរថយន្តជាប់លេខ ក៏ជ្រុលទៅបុកទ្វារដែកបាក់អស់២ផ្ទាំង ថែមទាំងជ្រុលទៅបុកម៉ូតូម៉ាកហុងដាវ៉េវ ពាក់ស្លាកលេខ តាកែវ 1X-2519 បណ្តាលឲ្យស្រ្តីម្នាក់រងរបួសបញ្ជូនទៅសង្រ្គោះភ្លាមៗ មិនទាន់អស់ល្បឿនក៏ជ្រុលទៅធ្លាក់ចូលក្នុងប្រឡាយទឹក ទើបអស់ល្បឿនទៅមុខលែងរួច ។

ក្រោយពេលកើតហេតុ អាជ្ញាធរមានសមត្ថកិច្ច បានចុះដល់ទីតាំងនិងឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា ៕

មតិយោបល់