
ភ្នំពេញៈ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានស្នើឱ្យទីប្រឹក្សាបច្ចេកទេស ត្រូវគិតគូររៀបចំបទដ្ឋានបច្ចេកទេស ដើម្បីកាត់បន្ថយនូវការរអិលបាក់ជើងទេរ និងការហូរច្រោះខ្យាច់ដីល្បាប់ចូលទៅក្នុងទឹកព្រែក។
នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០១៦នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ ចុះពិនិត្យការដ្ឋានស្តារព្រែកនាំដីល្បប់ចំនួន២ខ្សែ រួមមាន ព្រែកថ្មីប្រវែង ៤.២០០ ម៉ែត្រ និងព្រែកកុងលាប ប្រវែង ៣.៧០០ ម៉ែត្រ ស្ថិតក្នុងឃុំពោធិ៍ពាមរាំង និងឃុំសណ្តារ ស្រុក
លើកដែក ខេត្តកណ្តាល។

បន្ទាប់ពីបានចុះពិនិត្យជាក់ស្តែង លោករដ្ឋមន្ត្រី បានណែនាំដល់អង្គភាពគ្រប់គ្រងគម្រោង ឱ្យពិភាក្សាបន្ថែមជាមួយនឹងក្រុមហ៊ុន SOFRECO ដែលជាក្រុមហ៊ុនទីប្រឹក្សា ដើម្បីពិនិត្យឡើងវិញ នូវការងារបច្ចេកទេស ដោយដីនៅតំបន់នេះជាប្រេភទដីល្បប់ល្បាយខ្សាច់ ដែលងាយរងនូវការហូរច្រោះ ដូចនេះក្រសួងស្នើឱ្យទីប្រឹក្សាបច្ចេកទេស គិតគូរឡើងវិញក្នុងការរៀបចំបទដ្ឋានបច្ចេកទេស ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមា នូវការរអិលបាក់ជើងទេរ និងការហូរច្រោះ។

លោក លឹម គានហោ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងសំណូមពររបស់ប្រជាពលរដ្ឋនៅតំបន់ព្រែកថ្មី លោករដ្ឋមន្ត្រី បានស្នើឱ្យមានការកែសម្រួល ដោយរៀបចំឱ្យមានផ្លូវបេតុងចុះទៅមាត់ទន្លេ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋ និងសត្វពាហនៈ (គោ-ក្របី) ដែលបងប្អូននៅតំបន់នោះ តែងតែនាំទៅចុះទន្លេឱ្យផឹកទឹក ឬលាងសំអាត ៕



មតិយោបល់