បាត់ដំបងៈ ជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន៦នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងបាត់ដំបងឃាត់ខ្លួនបានជាបន្ដបន្ទាប់កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦ ម្សិលមិញនេះ។
អាវុធហត្ថក្រុង បានឲ្យដឹងថា ការបង្ក្រាបនិងឃាត់ខ្លួននេះ បានអនុវត្តន៍២តំណាក់កាលក្នុងថ្ងៃតែមួយ នៅវេលាម៉ោង១២និង៣០នាទី បានបង្ក្រាបឃាត់ខ្លួនលើជនសង្ស័យបាន២នាក់ នៅលើទីតាំងស្ថិតនៅភូមិព្រែក មហាទេព សង្កាត់ស្វាយប៉ោក្រុង-ខេត្តបាត់ដំបង នៅចំណុចក្បែរសាលារៀនសុវណ្ណភូមិ រួមនិងសារធាតុញៀន ។
ជនសង្ស័យទាំង២នាក់ទី១. ឈ្មោះ ទឹម រ៉ែម ភេទប្រុសអាយុ២៦ឆ្នាំ រស់នៅភូមិកាប់គោ សង្កាត់អូចារក្រុង-ខេត្តបាត់ដំបង ទី២.ឈ្មោះ សួន សំខាន់ ភេទប្រុសអាយុ២២ឆ្នាំ រស់នៅភូមិវត្តរំដួលសង្កាត់ចំការសំរោងក្រុង-ខេត្តបាត់ដំបង។
ក្រោយពីសាកសួរជនសង្ស័យរួច ទើបកម្លាំងជំនាញអាវុធហត្ថក្រុងបានចុះទៅឃាត់ជនសង្ស័យ៤នាក់ ថែមទៀតដែលជាបក្សពួករបស់ជនសង្ស័យទី១.ឈ្មោះ ធួន ចំរើន ភេទប្រុសអាយុ៣៦ឆ្នាំ ២.ឈ្មោះ ធួន ដូសេត ហៅឌូ ភេទប្រុសអាយុ៣០ឆ្នាំ ៣.ឈ្មោះ លី ឡុង ភេទប្រុសអាយុ២១ឆ្នាំ និង៤.ឈ្មោះ ថង សារ៉ាក់ ហៅអាស្វិត ភេទប្រុសអាយុ១៨ឆ្នាំ អ្នកទាំង៤រស់នៅក្នុងស្រុកឯកភ្នំក្រុង-បាត់ដំបង ។
ការបង្ក្រាបនេះ កម្លាំងអាវុធហត្ថ រឹបអូសសារធាតុញៀន បានសរុប៨កញ្ចប់ ប្រភេទម្សៅពណ៌ស មានទម្ងន់៦.៦៨ក្រាម រួមនិងសម្ភារៈមួយចំនួនទៀត។ បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញរបស់អាវុធហត្ថក្រុងកំពុងសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត អនុវត្តន៍តាមនីតិវិធីច្បាប់៕


មតិយោបល់