កំពង់ធំៈ ប្រជានេសាទបានសម្ដែងការគាំទ្រ និងពេញចិត្តចំពោះការបង្ក្រាប បទល្មើសនេសាទ ក្នុងរដូវបិទនេសាទ នៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយពួកគាត់និយាយថា ជាការរក្សាពូជត្រីធម្មជាតិឲ្យបានសម្បូរឡើងវិញ និងទុកសម្រាប់កូនចៅស្រករក្រោយ ហើយម្យ៉ាងទៀត ថ្វីត្បិត តែពួកគាត់ជាអ្នកនេសាទ ប៉ុន្តែអ្នកនេសាទល្មើសច្បាប់ទាំងនោះ មិនមែនអ្នកនេសាទទូទៅនោះទេ គឺជាមនុស្ស១ក្រុមតូចតែប៉ុណ្ណោះ ដែលគេមានលុយសម្រាប់ទំនាក់ទំនង។ ពួកគាត់ សុំឲ្យមានការបង្ក្រាបនេះ ជាបន្ត ដោយអនុវត្តតម្លាភាពតាមច្បាប់ និងជាទូទៅ។
នៅក្នុងបណ្ដាញទំនាក់ទំនង (វ៉តហ្សាប់) លោក ប៉ែន វណ្ណរិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដែលដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេះ បានបង្ហោះរបាយការណ៍ឲ្យដឹងថា រយៈពេល២ថ្ងៃគឺនៅថ្ងៃទី១ និងទី២ ខែសីហា ឆ្នាំ ២០១៦នេះ នៅចំណុចចុងព្រែកឆ្កោក , ព្រែករំបែងចែស និងព្រែកពោធិ៍ជ្រៃ នៅក្នុងភូមិសាស្ត្រ ឃុំផាត់សណ្ដាយ គឺបានបង្ក្រាបបទល្មើសនេសាទ ក្នុងនោះមានឧបករណ៍ របាំងសាច់អួន ចំនួន៨របាំង សរុបប្រវែង ២៦០០ម៉ែត្រ ឡុលចំនួន ១៧គ្រឿង លូចំនួន២៧មាត់ បង្គោលចំនួន២២០០ ដើម ចាក់លែងកូនត្រីស្រស់ទម្ងន់១៣០គីឡូក្រាម និងកសាងសំណុំរឿង៣ករណី។
ជាមួយគ្នានេះ លោក ប៉ែន វណ្ណរិទ្ធ បានប្រាប់បន្តឲ្យដឹងថា កំលាំងរបស់លោក នៅបន្តបង្ក្រាបរហូតទៅដល់ថ្ងៃសៅរ៍ទី ៦ ខែសីហា ហើយការបង្ក្រាបនេះ គឺធ្វើមិនចំពោះ ឬយោគយល់ឡើយ ជាពិសេសបទល្មើសនេសាទណា ដែលមានទ្រង់ទ្រាយធំដុំ និងជាចំណុចអាទិភាពនោះ។
គួរបញ្ជាក់ថា នៅរដូវបិទនេសាទឆ្នាំនេះ សាធារណជន សង្កេតឃើញថា សមត្ថកិច្ច រដ្ឋបាលជលផល កំពង់ធំ បានបន្ថែមល្បឿន និងមានជាសន្ទុះខ្លាំង ក្នុងការបង្ក្រាបបទល្មើសនេសាទ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេស បេសកកម្ម ដែលដឹកនាំ ដោយលោក ប៉ែន វណ្ណរិទ្ធ នាយខណ្ឌ៕
មតិយោបល់