ព័ត៌មានជាតិ

Update៖ អាណិតណាស់! បុរសម្នាក់ រាយខ្សែភ្លើងឆក់ត្រីតែភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់នៅនឹងកន្លែង

ភ្នំពេញៈ បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈដែលរូបគេរាយខ្សែភ្លើងឆក់ត្រីនៅក្នុងទឹកថ្លុកមួយកន្លែង ដើម្បីយកធ្វើម្ហូប ប៉ុន្តែពេលនោះភ្លាត់ស្នៀតត្រូវបានចរន្តអគ្គិសនីឆក់បណ្ដាលឲ្យស្លាប់ និងបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលា ម៉ោង៩ ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ហេង នួន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅក្នុងភូមិ អន្សោង ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង និងស្នាក់នៅកន្លែងធ្វើរការក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសដែលជាជនរងគ្រោះរួមជាមួយអ្នករួមការងារជាមួយគ្នាម្នាក់ទៀត បាននាំគ្នារាយខ្សែភ្លើងដើម្បីឆក់ត្រីយកធ្វើម្ហូប ដោយបានតខ្សែភ្លើងចេញពីសំណង់ផ្ទះល្វែងដែលកំពុងសាងសង់មួយស្ថិតនៅ ចម្ងាយប្រមាណជាង៣០ម៉ែត្រពីទឹកថ្លុកកន្លែងកើតហេតុនោះ។ នៅក្នុងខណៈនោះមិនទាន់បានឆក់នៅឡើយទេ ទើបតែរាយខ្សែនិង អូសទៅដល់ទឹកថ្លុកស្រាប់តែឆក់បណ្ដាលឲ្យគាត់ដួលប្រកាច់នៅក្នុងទឹកជម្រៅត្រឹមជង្គង់ សន្លប់ស្ដូកស្ដឹងហើយភ្លាមៗនោះបុរស ម្នាក់ទៀតដែលជាអ្នកឆក់ត្រីជាមួយគ្នាបានរត់ទៅដកឌុយចេញពីព្រីភ្លើង និងបានស្រែកឆោរឡោឲ្យអ្នកជិតខាងជួយលើកជនរងគ្រោះឡើងគោក ធ្វើការសង្គ្រោះបឋមនិងប្រុងបញ្ជូនទៅកាន់មន្ទីរពេទ្យដែរ ប៉ុន្តែហួសពេលទៅហើយព្រោះជនរងគ្រោះបានស្លាប់ បាត់ទៅហើយ។

ក្រោយពេលកើតហេតុ នគរបាលខណ្ឌពោធិ៍សែនជ័យ និងប៉ុស្ដិ៍ត្រពាំងក្រសាំង បានចុះទៅកាន់កន្លែងកើតហេតុភ្លាមៗដើម្បីធ្វើការពិនិត្យ កោសល្យវិច័យលើសាកសព ហើយបានឃើញថាជនរងគ្រោះពិតជាបានស្លាប់ដោយសារចរន្តអគ្គិសនីឆក់ពិតមែន ទើបប្រគល់សាក សពទៅឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕

https://youtu.be/DdaLwPfUEGo

មតិយោបល់