ព័ត៌មានជាតិ

យោធាមីយ៉ាន់ម៉ា ឃាត់ខ្លួនគ្រូពេទ្យ ១៨នាក់ ដោយចោទថាព្យាបាលក្រុមភេរវករ

(រ៉ង់ហ្គូន)៖ អាជ្ញាធរនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានឃាត់ខ្លួនគ្រូពេទ្យ១៨នាក់ ដោយចោទថាពួកគេបានព្យាបាលអ្នកជំងឺជាច្រើននាក់ដែលជាសមាជិក
អង្គការភេរវកម្ម ដោយចង់សំដៅទៅលើក្រុមចលនាប្រឆាំងនឹងរបបយោធាសព្វថ្ងៃ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា Global New Light of Myanmar បានឱ្យដឹងទៀតថាក្រុមគ្រូពេទ្យទាំង១៨នាក់ខាងលើ ត្រូវបានឃាត់ខ្លួននៅក្នុងប្រតិបត្តិការវាយឆ្មក់ មួយ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ នៅឯវិហារគ្រឹស្ដមួយកន្លែងក្នុងទីក្រុង Loikaw នៃរដ្ឋ Kayah ស្ថិតនៅភាគខាងកើតនៃប្រទេស ជាទីដែលអ្នកជំងឺ៤៨នាក់ ក្នុងនោះ មាន ៧នាក់ឆ្លង COVID-19 ទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យទាំងនេះ។

សេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា Global New Light of Myanmar មិនបានបញ្ជាក់ពីឈ្មោះអង្គការភេរវកម្មណាមួយនោះឡើយ ដោយគ្រាន់តែឱ្យដឹងថាគ្រូពេទ្យ១៨នាក់ខាងលើ អាចនឹងប្រឈមមុខនឹងការកាត់ទោសតាមផ្លូវច្បាប់៕

ប្រភព៖ Reuters

 

មតិយោបល់