ព័ត៌មានជាតិ

បើករម៉កដឹកអេតចាយ បត់មិនស៊ីញ៉ូត្រូវស្កុបពីមកពីក្រោយបុកពេញទំហឹង!

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរម៉កដឹកអេតចាយមួយគ្រឿង បត់ដោយមិនមានភ្លើងស៊ីញ៉ូ ត្រូវម៉ូតូស្កុបពីមួយគ្រឿងទៀតមកពីក្រោយ បុកពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ សំណាងល្អគ្មាននរណាម្នាក់រងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១១​ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរម៉កដឹកអេតចាយមួយគ្រឿង បើកបរក្នុងទិសដៅពីកើតទៅលិច តាមបណ្តោយផ្លូវខាងលើ លុះដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងដោយគ្មានភ្លើងស៊ីញ៉ូអ្វីទាំងអស់ ត្រូវបានម៉ូតូម៉ាកស្កុបពី ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ FA-4946 មកពីក្រោយស្របទិសគ្នាបុកពេញទំហឹង រងការខូចខាតអស់មួយកំណាត់មុខ តែមិនបណ្ដាលឲ្យភាគីទាំងសងខាង រងរបួសអ្វីនោះទេ ។

ភ្លាមៗនោះ ភាគីខាងរម៉កក៏បានបត់ចូលក្នុងឃ្លាំង ដោយមិនបានចាំសមត្ថកិច្ចធ្វើការវាស់វែងនោះទេ ជាហេតុបង្កជាវិវាទ ជជែកគ្នាតឹងសរសៃក ផ្អើលដល់សមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ យករម៉កដឹកអេតចាយនិងម៉ូតូយកទៅរក្សាទុកនៅប៉ុស្តិ៍ភ្នំពេញថ្មី ដើម្បីដោះស្រាយគ្នានៅពេលក្រោយបន្តទៀត៕

មតិយោបល់