ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាសន្តិសុខអន្តរជាតិ អនុម័តការដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងកូរ៉េខាងជើង

UN: ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តជាឯកច្ឆ័ន្ទនូវដំណោះស្រាយមួយ ដែលរៀបចំទ្បើងដោយសហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង បន្ទាប់ពីការធ្វើតេស្តនុយក្លេអ៊ែរលើកទី៦ ដ៏ធំបំផុតរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧។

ដោយមានការគាំទ្រពីប្រទេសចិន និងរុស្ស៊ីក្រុមប្រឹក្សាសន្តិសុខ បានបោះឆ្នោតសម្រេចដោយសំទ្បេង ១៥ ទល់នឹង ០ កាលពីថ្ងៃចន្ទ ដើម្បីហាមប្រាមការនាំចេញវាយនភ័ណ្ឌ និងរឹតបន្តឹងការនាំចេញផលិតផលប្រេងពីបណ្ដាលប្រទេសនានា ទៅកាន់កូរ៉េខាងជើង។

ពាក់ព័ន្ធនឹងដំណោះស្រាយនេះដែរ គឺជាកំណែទម្រង់នៃសំណើដើមរបស់អាមេរិក ដែលវាមិនត្រឹមតែមិនអនុញ្ញាត ឲ្យមានការនាំចូលនូវសារធាតុរាវ ឧស្ម័នធម្មជាតិទាំងអស់របស់កូរ៉េខាងជើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងហាមឃាត់ មិនឲ្យប្រទេសទាំងអស់ ចុះកិច្ចព្រមព្រៀងសម្រាប់ការងារថ្មី ជាមួយកម្មករកូរ៉េខាងជើងទ្បើយ។

សូមជំរាបថា វាជាដំណោះស្រាយលើកទី៩ ហើយ ជុំវិញបញ្ហាមីស៊ីលផ្លោង និងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ត្រូវបានអនុម័តជាឯកច្ឆន្ទ ដោយក្រុមប្រឹក្សាសន្តិសុខ ដែលមានសមាជិក ១៥ ប្រទេសតាំងពីឆ្នាំ ២០០៦ មកម្ល៉េះ៕

មតិយោបល់