សៀមរាបៈ លោកវរសេនីយ៍ទោ សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បានប្រាប់ Post News ថាមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត និងម៉ូតូបើកច្រាសទិសគ្នា បណ្តាលឲ្យរបួសមនុស្ស៣នាក់។
ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង៨យប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្លូវលេខ២៦៦ ត្រង់ចំណុចអូរកំបោរ ឃុំពង្រលើ ខេត្តសៀមរាប។
ប្រភពព័ត៌មានបានឲ្យដឹងថា គេឃើញរថយន្តម៉ាកកាមារី ពណ៌ស ពាក់ស្លាកលេខសៀមរាប2A-3225 បានបើកបរពីជើងមកត្បូង លុះដល់ចំណុចកើតហេតុ ក៏បុកជាមួយម៉ូតូតែម្តង (អ្នកបើកបរចុះរត់បាត់) បើកបរមិនប្រកាន់ស្តាំ។ រីឯម៉ូតូជនរងគ្រោះ ម៉ាកហុងដា សេ125 ស៊េរីឆ្នាំ២០១៣ ស្លាកលេខបន្ទាយមានជ័យ1A-1655 បើកពីត្បូង
ទៅជើង អ្នកបើកម៉ូតូឈ្មោះ ផល ភាន់ ភេទប្រុស អាយុ១៥ឆ្នាំ នៅ
ភូមិចេក ឃុំពង្រលើ របួសធ្ងន់។ រីឯអ្នករួមដំណើរ ឈ្មោះ ឆៃ ឡាក់ភេទប្រុស អាយុ១៣ឆ្នាំ របួសធ្ងន់ ម្នាក់ទៀតឈ្មោះ ជា ប៊ុល ភេទប្រុស អាយុ១៣ឆ្នាំ របួសធ្ងន់ អ្នកទាំង៣រស់នៅភូមិចេក ឃុំពង្រលើ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពពង្រលើ ហើយកម្លាំងជំនាញបានចុះធ្វើការវាស់វែងរៀបចំតាមនីតិវិធីច្បាប់ និងវត្ថុតាងត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍ពង្រលើ
ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕
មតិយោបល់