ព័ត៌មានជាតិ

ម៉ាកសឺដេសមួយគ្រឿង ចេញពីខួបកំណើតគេបោលទៅបុកបង្គោលភ្លើងលាន់ដូចរន្ទះ

ភ្នំពេញ: រថយន្តម៉ាកសឺដេស ពណ៌សមួយគ្រឿង បើកបរក្នុងល្បឿនលឿនដូចហោះ ក៏បានរេចង្កូតទៅបុកនឹងបង្គោលភ្លើងដែលគេដាក់ខ្សែរភ្លើងនិងផ្ទុកប្រអប់បារ៉ែតអគ្គិសនីពេញទំហឹង បណ្តាលឲ្យបាក់ទ្រេត។

ហេតុការណ៍នេះបានកើតទ្បើងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រែកប្រា ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកសឺដេសមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-0988 បើកបរដោយបុរសម្នាក់វ័យប្រហែលជា៣០ឆ្នាំជាង ទិសដៅពីត្បូងទៅជើង ដោយសារតែម្ចាស់រថយន្តនោះទើបចេញពីកម្មវិធីខួបកំណើតហើយរៀងស្រវឹងស្រឿងៗផងនោះ បើកបរក្នុងល្បឿនលឿនខ្លាំងពេក លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកបង្គោលភ្លើងដែរដាក់ខ្សែភ្លើង និងផ្ទុកបារ៉ែតអគ្គិសនីលាន់ដូចរន្ទះ បណ្តាលឲ្យបង្គោលភ្លើងនោះបាក់ទ្រេតហើយផ្ទុះពោងសុវត្ថិភាពរថយន្តអស់ទាំង២ ធ្វើឲ្យរថយន្តខូចខាតផ្នែកខាងមុខនៃរថយន្តស្ទើរតែទាំងស្រុង តែសំណាងល្អមិនបង្កឲ្យអ្នកណាម្នាក់រងរបួស ។

ក្រោយពេលកើតហេតុសម្ថកិច្ចប៉ុស្តិ៍ព្រែកប្រា បានឃាត់តៃកុងរថយន្តយកទៅប៉ុស្តិ៍ដើម្បីសាកសួរនិងរង់ចាំសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកយករថយន្តមកស្ទូចយកទៅរក្សាទុកនៅស្នងការដ្ឋាននរបាលរាជធានីភ្នំពេញនឹងរង់ចាំការដោះស្រាយនៅពេលក្រោយបន្តទៀត៕

មតិយោបល់