ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង គំរាមប្រើអាវុធនុយក្លេអ៊ែរ បាញ់ពន្លិចប្រទេសជប៉ុន និងកាច់បំបាក់ធ្មុងអាមេរិក

កូរ៉េៈ កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ បានគំរាមប្រើអាវុធនុយក្លេអ៊ែរ បាញ់ពន្លិចប្រទេសជប៉ុន រួមទាំងកាច់បំបាក់ធ្មុងអាមេរិក ជុំវិញការគាំទ្ររបស់ពួកគេ ទៅលើដំណោះស្រាយ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងការសាកល្បងអាវុធនុយក្លេអ៊ែរលើកទី៦ របស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧។

គណៈកម្មាធិការសន្តិភាពអាស៊ីប៉ាស៊ីហ្វិក របស់កូរ៉េខាងជើង បានអំពាវនាវឲ្យរំសាយក្រុមប្រឹក្សាសន្តិសុខអន្តរជាតិចោល ដោយសំអាងថា វាគ្រាន់ជាឧបករណ៍នៃអំពើអាក្រក់មួយប៉ុណ្ណោះ ដែលបង្កើតឡើងដោយបណ្តាប្រទេស ដែលមានប្រាក់សូកប៉ាន់ ហើយផ្លាស់ប្តូរឥតឈប់ឈរ តាមតែការបញ្ជាពីសហរដ្ឋអាមេរិកប៉ុណ្ណោះ។

គណៈកម្មាធិការនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កោះបួននៃប្រជុំកោះជប៉ុន គួរតែត្រូវបានលិចចូលទៅក្នុងសមុទ្រ ដោយគ្រាប់បែកនុយក្លេអ៊ែរ ហើយជប៉ុន ក៏មិនចាំបាច់ត្រូវឲ្យមាននៅជិតប្រទេសយើងតទៅទៀតដែរ។

សូមជំរាបថា ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ បានកើនឡើងគួរឲ្យកត់សម្គាល់ ចាប់តាំងពីកូរ៉េខាងជើង បានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរលើកទី ៦ ដ៏មានសក្ដានុពលបំផុតរបស់ខ្លួន កាលពីថ្ងៃទី ៣ ខែកញ្ញាកន្លងទៅ។

ពាក់ប័ន្ធនឹងបញ្ហានេះដែរ បានធ្វើឲ្យក្រុមប្រឹក្សាសន្តិសុខ ដែលមានសមាជិក ១៥ ប្រទេស បានសម្រេចបោះឆ្នោតជាឯកច្ឆន្ទ លើដំណោះស្រាយមួយ ដែលបានព្រាងឡើងដោយអាមេរិក ដើម្បីរឹតបន្តឹងការដាក់ទណ្ឌកម្មថ្មីមួយ ប្រឆាំងនឹងតេស្តសាកល្បងអាវុធរបស់កូរ៉េខាងជើង ដោយទណ្ឌកម្មថ្មីនេះ បានកាត់បន្ថយការនាំចូលប្រេងរបស់ក្រុងព្យុងយ៉ាង ព្រមទាំងហាមឃាត់រាល់ការនាំចេញវាយនភ័ណ្ឌ និងមិនអនុញ្ញាតឲ្យមានកិច្ចព្រមព្រៀងការងារថ្មី ឬបន្ថែម ជាមួយកម្មករកូរ៉េខាងជើងនៅក្រៅប្រទេសទ្បើយ៕

មតិយោបល់