ព័ត៌មានជាតិ

លឿនឡើង! អាហារូបករណ៍នៅសាកលវិទ្យាល័យល្បីៗទាំងនេះ កំពុងរង់ចាំ

បន្ទាប់ពីក្រសួងអប់រំ យុវជន និង កីឡា បានប្រកាសលទ្ធផលប្រឡងបាក់ឌុបជាស្ថាពរ ទូទាំងរាជធានី-ខេត្ត នៅកម្ពុជា ក្នុងសម័យប្រឡង ឆ្នាំ ២០២១ រួចមក ឃើញថាការបើកថ្នាក់សិក្សាបរិញ្ញាបត្រ ជិតចាប់ផ្ដើមហើយ ខណ:ដែលសាកលវិទ្យាល័យមួយចំនួន កំពុងផ្ដល់អាហារូបករណ៍ជាច្រើន ដល់និស្សិតដែលចង់បន្តការសិក្សាផ្នែកបរិញ្ញាបត្រ ដែលសាកលវិទ្យាល័យទាំងនោះរួមមាន ៖

១. សាកលវិទ្យាល័យ កម្ពុជា
សាកលវិទ្យាល័យកម្ពុជា បានប្រកាសឱ្យបានដឹងថា សាកលវិទ្យាល័យរបស់ខ្លួន មានផ្ដល់ជូនអាហារូបករណ៍សន្ដិភាព ៥០០ កន្លែង ដែលនឹងត្រូវទទួលបានការសិក្សាឥតបង់ថ្លៃ មួយចប់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ។ ជាក់ស្ដែង អាហារូបករណ៍ ១០០% ចំនួន ៥០០ កន្លែង នេះ មានផ្តល់ជូនអ្នកជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិគ្រប់ឆ្នាំសិក្សាតែម្ដង ដែលប្រិយមិត្ត អាចទៅសាកលវិទ្យាល័យផ្ទាល់ ដើម្បីសាកសួរព័ត៌មាន ក៏ដូចជាដាក់ពាក្យ ប្រលងអាហារូបករណ៍ ដែលសាកលវិទ្យាល័យ មានអ្នកប្រឹក្សាយោបល់ជូននៅទីនោះផ្ទាល់ផងដែរ។
២. សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន មានកម្មវិធីផ្តល់ជូនអាហារូបករណ៍ផ្អែកលើនិទ្ទេស ដោយមានកិត្តិយសកោះអញ្ជើញសិស្សានុសិស្សដែលទទួលបាននិទ្ទេស A, B, C, និង D ចូលរួមស្នើសុំអាហារូបករណ៍ ដែលមានចាប់ពី ២៥% ដល់ ១០០% លើគ្រប់មុខជំនាញ តាមកាលវិភាគខាងក្រោម៖
និទ្ទេស A: ថ្ងៃទី ១៨ មករា – ចាប់ពីម៉ោង ៩ ព្រឹក
និទ្ទេស B: ថ្ងៃទី ១៨ មករា – ចាប់ពីម៉ោង ២ រសៀល
និទ្ទេស C: ថ្ងៃទី ១៩ មករា – ចាប់ពីម៉ោង ៩ ព្រឹក
និទ្ទេស D: ថ្ងៃទី ១៩ មករា – ចាប់ពីម៉ោង ២ រសៀល

៣. សាកលវិទ្យាល័យមេគង្គកម្ពុជា
នៅសាកលវិទ្យាល័យមេគង្គកម្ពុជា បានផ្ដល់ឱកាសប្រឡងអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ដែលការចុះឈ្មោះប្រឡង និង ការប្រឡង ប្រព្រឹត្តតាមប្រព័ន្ធអេឡិចត្រូនិក។ ក្នុងនោះខាងសាលា ចាប់ទទួលចុះឈ្មោះ និង ផ្តល់ពាក្យប្រឡងតាមតំណភ្ជាប់ (លីង) ចាប់ពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២១ ដល់ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២២។

៤. សាកលវិទ្យាល័យវេស្ទើន
សាកលវិទ្យាល័យវេស្ទើន ចាប់ផ្តើមផ្តល់ជូនការប្រឡងអាហារូបករណ៍ ដល់សិស្សទើបតែប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) គ្រប់ឆ្នាំសិក្សាទាំងអស់ជាច្រើនកន្លែង។ សម្រាប់សិក្សារយ:ពេល ៤ ឆ្នាំក្នុងថ្នាក់បរិញ្ញាបត្រ និង ២ ឆ្នាំក្នុងថ្នាក់បរិញ្ញាបត្ររង លើគ្រប់មុខជំនាញទាំងអស់របស់សាកលវិទ្យាល័យវេស្ទើន។
កាលបរិច្ឆេទប្រឡង ៖ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១១ ខែកុម្ភ: ឆ្នាំ ២០២២ ដាក់ពាក្យភ្លាម អាចប្រឡងបានភ្លាម!

៥. សាកលវិទ្យាល័យ លីមកុកវីង
សាកលវិទ្យាល័យ លីមកុកវីង បានប្រកាសផ្ដល់អាហារូបករណ៍លើកទី ២ រហូតដល់ ១០០% ជាច្រើនកន្លែងគ្រប់មុខជំនាញនៅសាកលវិទ្យាល័យ លីមកុកវីង ដែលសិស្សានុសិស្ស អាចដាក់ពាក្យស្នើសុំប្រលងអាហារូបករណ៍តាមតំណលីង ៖ //forms.gle/wcp2LW3UNnJgjMoK8 ៕

មតិយោបល់