ព័ត៌មានជាតិ

រថយន្តក្រឡុកបេតុងក្រុមហ៊ុន ឡុងម៉េង ក្រឡាប់ផ្ងារជើងចូលទឹកប្រឡាយទាំងថ្ងៃ!

ភ្នំពេញៈ រថយន្តក្រឡុកបេតុងក្រុមហ៊ុនឡុងម៉េង១គ្រឿង បានខណៈដែលកំពុងបើកបរជៀសគ្នាជាមួយរថយន្តដឹកដី១គ្រឿងផ្សេងទៀត ដោយកង់ម្ខាងជាន់របេះមាត់ប្រឡាយនោះ បណ្ដាលឲ្យបាក់ដីធ្លាក់ចូលទៅក្នុងប្រឡាយទឹកទាំងកំរោល និងបានក្រឡាប់ផ្ងារជើងឡើងលើ ប៉ុន្តែជាសំណាងល្អនៅក្នុងខណៈនោះ មិនបានបណ្ដាលឲ្យអ្នកបើកបររងរបួសនោះឡើយ ព្រោះបានលោតចេញ ក្រៅទាន់។

ហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១ និង២០នាទីរសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមផ្លូវ លំមួយកន្លែងដែលមានប្រឡាយអមសងខាង ស្ថិតនៅខាងកើតភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តក្រឡុកបេតុង១គ្រឿងនោះ ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 5A-1372 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ ហើយនៅមុនពេលកើតហេតុគេបានឃើញ រថយន្ត១គ្រឿងនេះបើកបរធ្វើដំណើរក្នុងទិស ដៅពីកើតទៅលិចក្នុងល្បឿនល្បឿនដែរ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តបែនយីឌុបដឹកដី ១គ្រឿងទៀត បើកបរក្នុងទិសដៅបញ្រ្ចាសគ្នាទៅដល់។ ខណៈនោះបានបើកជៀសគ្នា ហើយដោយសារតែផ្លូវនោះតូច បានធ្វើឲ្យកង់ ម្ខាងរបស់រថយន្តលាយបេតុងខាងលើ ជាន់បបេះមាត់ប្រឡាយទើបធ្វើឲ្យបាក់ដីផុងកង់ និងបានធ្លាក់ចូលទៅក្នុងប្រឡាយក្រឡាប់ បះជើងឡើងលើច្រងាងតែម្ដង។

ពេលនោះអ្នកបើកបរបានលោតចុះចេញ ដោយសុវត្ថិភាពមិនបានបណ្ដាលឲ្យមានគ្រោះថ្នាក់នោះឡើយ ក្រោយពេលកើតហេតុ តំណាងក្រុមហ៊ុន ឡុងម៉េង បានហៅរថយន្តស្ទូចទៅស្ទូចយករថយន្តមួយគ្រឿងនេះចេញពីកន្លែងកើតហេតុទៅធ្វើការជួសជុល ឡើងវិញដោយខ្លួនឯង៕

https://youtu.be/FbBzu1EmTpI

មតិយោបល់