កំពង់ឆ្នាំងៈ លោក ហង ប៊ុន ថា អធិការរងស្រុកសាមគ្គីមានជ័យ ទទួលបន្ទុកផ្នែកចរាចរណ៍ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីក្មេងស្រីម្នាក់ ហក់ចុះពីលើរម៉ក ទៅប៉ះជាមួយរថយន្ត បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨ និង១៥នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិស្រែសារ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
រថយន្ដម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C-0402 បើកបរដោយឈ្មោះ អៀក សុខណាង ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅ ភូមិកាកាប ឃុំក្សេមក្សាន្ដ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ លុះមកដល់ចំណុចកើតហេតុខាងលើ បានមកប៉ះក្មេងស្រីដែលហក់ចុះពីលើរម៉ក មានឈ្មោះ សន ផានិត អាយុ៦ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ បណ្ដាលឲស្លាប់ភ្លាមៗតែម្ដង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងនាំយកឯវត្ថុតាងរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យដើម្បីដោះស្រាយតាមច្បាប់។ ចំពោះសាកសពប្រគល់ជូនឱពុកម្ដាយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់