ព័ត៌មានបច្ចេកវិទ្យា

បែកធ្លាយស្មាតហ្វូន Huawei ស៊េរីថ្មី បំពាក់កាមេរ៉ា ៤ គ្រាប់ តែមិនមែនជា Mate 10

ក្រោយពីបែកធ្លាយពាក្យចចាមអារ៉ាម និងរូបភាពជាច្រើនរបស់ស្មាតហ្វូន Huawei Mate 10 ឥលូវនេះលេចចេញនូវព័ត៌មានថ្មី​ថា Huawei មានស្មាតហ្វូនស៊េរីថ្មីមួយទៀត ដែលនឹងបំពាក់នូវកាមេរ៉ារហូតដល់ទៅបួនគ្រាប់។

យោងតាមព័ត៌មានបែកធ្លាយលើប្រពន្ធ័អ៊ីនធឺណែត បង្ហាញថា ក្រុមហ៊ុន Huawei បានបំពាក់កាមេរ៉ាបួនគ្រាប់ (មុខ២ និងក្រោយ២) លើស្មាតហ្វូនស៊េរីថ្មី គឺ Huawei nova 2i ដែលឆ្លុះបញ្ចាំងពីភាពខ្លំាងនៃបច្ចេកវិជ្ជាថតរូបបែប Selfie-centric ស៊េរីថ្មីដ៏ទំនើប។

Huawei nova 2i មិនមែនជាស្មាតហ្វូនដែលមានទំហំតូចនោះទេ។ ស្មាតហ្វូននេះមានទំហំអេក្រង់ ៥.៩ អ៊ីង ជាមួយខ្នាតបញ្ចាំងរូបភាពកម្រិត FullHD+ (2160x1080p) ប្រើមាត្រដ្ឋានអេក្រង់ 18:9 aspect ratio, RAM ទំហំ 4 GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64 GB អាចបន្ថែម microSD ទំហំដល់ទៅ 256 GB។ ស្មាតហ្វូននេះ បំពាក់នូវបន្ទះឈីប HiSilicon Kirin octa-core SoC ដែលមានល្បឿន 2.36 GHz ថាមពលថ្ម 3,240mAh ប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat ដំណើរការជាមួយនឹងផ្ទាំងកម្មវិធីប្រើប្រាស់ EMUI ជំនាន់ 5.1។

បន្ថែមពីនេះ nova 2i នឹងបំពាក់នូវកាមេរ៉ាចំនួន ៤ គ្រាប់ ពោលគឺ កាមេរ៉ាភ្លោះទាំងខាងមុខ និងខាងក្រោយ។ ចំពោះកាមេរ៉ាភ្លោះក្រោយគឺមានទំហំ 16 MP + 2 MP ចំណែកកាមេរ៉ាភ្លោះមុខគឺមានទំហំ 13 MP + 2 MP រួមជាមួយនឹងពិល LED Flash ផងដែរ។

ស្មាតហ្វូន Huawei ត្រកូល Nova ដំបូងគេ ត្រូវបានដាក់បង្ហាញនៅឆ្នាំ 2016 ដោយឈ្មោះនេះ មានប្រភពមកពីពាក្យ “ការច្នៃបង្កើតថ្មី ឬ Innovation” ដែលជាទិដ្ឋភាពស្នូលនៃទស្សនវិជ្ជារបស់ក្រុមហ៊ុន Huawei។ ស្មាតហ្វូនស៊េរី Huawei nova ត្រូវបានរចនាឡើងយ៉ាងល្អប្រណិត​ ជាស្មាតហ្វូនស៊េរីទំនើប ថ្នាក់កណ្តាល មានសមត្ថភាពល្អគ្រប់ចំណុចលើសពីតម្លៃ ដោយផ្តល់នូវលក្ខណៈពិសេសនិងមុខ ងារល្អបំផុតមិនគួរឱ្យជឿសម្រាប់អតិថិជន ហើយជាពិសេស ភ្ជាប់ជាមួយទាំងកាមេរ៉ាដ៏ល្អឥតខ្ចោះ រស់រវើក និងមានអាយុកាលយូរអង្វែង។

គួររំលឹកថា ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនដែលតែងតែនាំមុខបដិវត្តន៍ឧស្សាហ​កម្មពិសេស រួមមានបច្ចេកវិទ្យាស្កេនក្រយៅដៃ និងកាមេរ៉ាភ្លោះ សម្រាប់ស្មាតហ្វូនថ្នាក់កណ្តាល ដូចជាស្មាតហ្វូនស៊េរី GR5 ជាដើម ហើយពេលនេះ ក៏គ្មានអ្វីគួរឲ្យចំឡែក និងភ្ញាក់ផ្អើលឡើយ ដែលក្រុមហ៊ុនមួយនេះ នាំយកនូវលក្ខណៈបច្ចេក​ទេស​ពិសេសៗ មកបន្ថែមលើចំណុចស្មាតហ្វូនកំពូលៗរបស់ខ្លួន៕

មតិយោបល់