ព័ត៌មានជាតិ

គួរឲ្យអាណិតណាស់! ស្រ្តីម្នាក់ពរពោះ៥ខែ ត្រូវប្តីរត់ចោល ខំប្រឹងធ្វើការរហូត ឈឺពោះឆ្លងទន្លេ

ភ្នំពេញៈ ស្រ្តីកម្សត់ទុរគតម្នាក់ ក្រោយពីប្តីហេងស៊យ រត់ចោលតាំងពីនាងពពោះចំនួន៥ខែមកម្លេះ ធ្វើឲ្យនាងជាភរិយារស់នៅគ្មានទីពឹង រស់នៅដោយលំបាកវេទនាជាមួយនឹងការងារ លើកលីសែងគ្រប់រស់ជាតិរហូតដល់ថ្ងៃគ្រប់ខែឈឺពោះ បែកទឹកភ្លោះ ឆ្លងទន្លេដោយគ្មានប្រាក់សុំបីតែមួយរយមួយរៀល សម្រាប់ត្រៀមទុកពេលឆ្លងទន្លេ ពិតជាសំណាងណាស់ពេលដែលកំពុងឈឺពោះឆ្លងទន្លេនោះ ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះជួយហៅឡានពេទ្យសង្រ្គោះបន្ទាន់របស់អង្គភាព៧១១ កងពលតូចលេខ៧០ ជួយដឹកបញ្ជូនទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង៦នឹង១០នាទីល្ងាច ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិសាមគ្គី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។

ស្រ្តីគួរឲ្យអាណិតខាងលើ មានឈ្មោះ ម៉ិញ សុភ័ក្រ អាយុ២៨ឆ្នាំ មុខរបរកម្នករលើក លី សែង អង្ករឲ្យគេ គ្រាន់ដូរបាយដើម្បីរស់ តែប៉ុណ្ណោះ មានទីលំនៅស្នាក់នៅក្នុងភូមិកើតហេតុខាងលើ មានស្រុកកំណើត ឃុំព្រែកខ្សាយ ខ ស្រុកពាមរក៍ ខេត្តព្រៃវែង ។

តាមការរៀបរាប់ ទាំងមានទឹកភ្នែកហូររលីងរលោងរបស់ ស្រ្តីខាងលើ បានឲ្យដឹងថា ខ្លួនជាកូនកំព្រា ឪពុកម្តាយស្លាប់ចោលអស់គ្មានសាច់ញាតិ ចាកចេញពីស្រុកកំណើត មករកការងារធ្វើ នៅទីក្រុងភ្នំពេញតាំងពីខ្លួននៅតូចមកម្លេះ រស់នៅ ជាមួយរបរ ដើរស៊ីឈ្នួលគេ លើក លីសែងដាក់អីវ៉ាន់ ឲ្យគេ ជួនដើរបេះបន្លែ លក់ គ្រាន់បានកម្រៃ ដូរបាយហូប រស់នៅទាំងត្រដរ រហូតដល់ចុងឆ្នាំ២០១៦ នឹកថាខ្សែជីវិតរបស់នាងនិងជួបនូវព្រេងសំណាង ប្រកដជាជីវភាពបានធូរស្រាលបន្តិចហើយ ក្រោយពីមានបុរសម្នាក់សុំស្នេហ៍ សុំស្រឡាញ់ ស្ម័គ្រស្មោះទទួលនាងធ្វើជាភរិយា ទាំងមិនបានរៀបការឬសែន ពោលបានគ្នាជាប្តីប្រពន្ធ ស្នេហាហេងស៊យ ដោយបុរសនោះប្រកបជាកម្មករសំណង់ អះអាងថា ខ្លួនពោះម៉ាយ ទើបធ្វើឲ្យនាង ជឿនិងទុកចិត្ត ត្បិតកាលបើ សន្យាស្ម័គ្រស្មោះ យកគ្នាធ្វើជាប្តីប្រពន្ធទៅហើយ សុខចិត្តប្រគល់ខ្លួនប្រាណ ទោះជាការងារ រែកពន់ធ្ងន់ ប្រើដោយកម្លាំងយ៉ាងណាក៏ដោយ ច្បាស់ជាជីវភាពធូរស្រាលមួយផ្នែក ដោយសារការងារមានធ្វើទាំង២នាក់ ។

ស្រ្តីខាងលើបន្តទៀតថា ការរស់នៅជាមួយគ្នា អស់រយៈពេល៥ខែ អ្វីៗ ត្រូវបានបែកធ្លាយ ស្នេហា រុះរោយ ដោយបុរសរូបនោះ មិនមែនជាពោះម៉ាយទេ គឺជាប្តីរបស់គេនៅឡើយ អ្វីៗ ត្រូវបានលាតត្រដាង ដឹងការពិត ឃើញសភាពមិនស្រួល ប្តីហេងស៊យរូបនោះ គេចគេចោលបាត់ ទៅរស់នៅជាមួយប្រពន្ធដើមគេវិញ ទុកឲ្យនាងរស់នៅតែលតោល ដូចចកអណ្តែតតាមទឹក រេតាមខ្យល់បក់ ក្តីស្រម៉ៃត្រូវបានរលាយតាំងពីពេលនោះមក ស្របពេលដែលនាងមានកូនក្នុងផ្ទៃចំនួន៥ខែ ខ្សែជីវិតវិលទៅរកភាពដើម តស៊ូ ការងារដ៏សែនលំបាក ក្នុងដំណើរនៃជីវិត រែកពន់ ដោយកម្លាំងបាយ រហូតដល់រសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ ខណៈដែលខ្លួនពោះធំគ្រប់ខែទៅហើយ កំពុងធ្វើការងារ គ្រាន់ដូរបាយ ស្រាប់តែកើតមានអាការៈចុកសៀត ក្នុងពោះ បែកទឹកភ្លោះ ឈឺពោះសម្រាលកូន ទាំងគ្មានប្រាក់មួយរៀលបម្រុងទុក ពេលនេះហើយ ជីវិតនាង ធ្លាក់ចូលដល់ កំពង់ត្រូវដើរឆ្លងមហាសាគរទៀត ។

ស្រ្តីខាងលើ ដោយជួបនូវក្តីលំបាកតោកយ៉ាកវេទនា គ្មានទីពឹង ត្រូវបានអ្នកជិតខាង មើលឃើញនឹងភ្នែក ថារូបនាងពិតជាអតមហាអតមែន ក៏នាំគ្នាជួយជាថវិការបន្តិចបន្តួច និងជួយហៅរថយន្តសង្រ្គោះ របស់អង្គភាព៧១១ ដឹកបញ្ជូនទៅ សម្រាលនៅមន្ទីរពេទ្យបង្អែកពោធិចិនតុង ។ដោយជីវិតធ្លាក់មកដល់កម្រឹតក្រខ្សត់ ស្រ្តីខាងលើសុខចិត្តលើកដៃ សូមអំពាវនាវដល់សម្បុរសជន មេត្តាជួយដល់រូបនាងផង ពីព្រោះសព្វថ្ងៃនាងគ្មានអ្វីជាទីពឹងនោះឡើយហើយបច្ចុប្បន្មនាងត្រូវចញ្ចឹមបីបាច់ថែរក្សារកូនតូចទៀតដោយនាងគ្មានសល់ប្រាក់កាសសុំបីតែមួយរយរៀល៕

មតិយោបល់