ព័ត៌មានបច្ចេកវិទ្យា

Face ID របស់ iPhone X ប៉ះ Iris Scanner របស់ Galaxy Note 8 មួយណាខ្លាំងជាង?

មុខងារថតសម្គាល់ផ្ទៃមុខ Face ID របស់ iPhone X និងមុខងារថតសម្គាល់ប្រស្រីភ្នែក Iris Scanner របស់ Galaxy Note 8 គឺជាបច្ចេកវិទ្យាដ៏ទំនើប និងទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេបំផុតក្នុងពិភពស្មាតហ្វូននាពេលបច្ចុប្បន្ន។ ទាំងក្រុមហ៊ុន Apple ទាំងក្រុមហ៊ុន Samsung សុទ្ធ​តែ​ចាត់ទុកប្រព័ន្ធការពារសន្តិសុខសុវត្ថិភាពលើផលិតផលទូរសព្ទដៃស៊េរីចុងក្រោយរបស់ខ្លួន សុទ្ធតែអស្ចារ្យនាំមុខគេ។

ដូច្នេះ ដើម្បីដឹងច្បាស់ថាតើបច្ចេកវិទ្យាទាំងពីរ មួយណាខ្លាំងជាងមួយណា គឺយើងវាស់វែងលើចំណុចមួយចំនួនដូចខាងក្រោម៖

Face ID របស់​ iPhone X

នេះគឺជាបច្ចេកវិទ្យាសម្គាល់លក្ខណៈជីវសាស្រ្តរបស់មនុស្ស ដែលមានតែមួយគត់នៅលើទូរសព្ទ iPhone X និងត្រូវបានដាក់ជំនួសបច្ចេកវិទ្យា Touch ID ឬស្គេនក្រយៅដៃ។ វាប្រើប្រាស់ទម្រង់មុខមនុស្សជាកូដសម្ងាត់សម្រាប់​ដោះសោចូលទៅកាន់កម្មវិធីខាងក្នុងទូរសព្ទ ដោយមិនចាំបាច់ចុច ឬប៉ះអ្វីទាំងអស់។ Face ID ត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យា ៣ រួមបញ្ចូលគ្នា៖

១- Dot Projector: ជាបច្ចេកវិទ្យារួមផ្សំមួយមាននាទីជះបាច់ពន្លឺអុចៗដែលមិនអាចមើលឃើញនឹងភ្នែក ចំនួន ៣ ម៉ឺន ទៅលើផ្ទៃមុខរបស់អ្នកបើប្រាស់ ដើម្បីបង្កើតជាផែនមុខទម្រង់ 3D ជាក់លាក់ និងដាច់ដោយឡែកមួយ។

២- Infrared Camera: បន្ទាប់មក កាមេរ៉ាប្រើកាំរស្មី Infrared អាន និងវិភាគផែននៃចំណុចអុចដែលទទួលបានពី Dot Projector រួចថតចម្លងវាទុកជារូបផ្ទៃមុខក្នុងទម្រង់ជាពន្លឺ Infrared ហើយបញ្ចូលទៅផ្ទុកក្នុងបន្ទះឈីបសុវត្ថិភាព A11 Bionic សម្រាប់ផ្គួរផ្គងផ្ទៃមុខអ្នកប្រើប្រាស់នៅពេលក្រោយៗ។

៣- Flood Illuminator: នេះគឺជាពិលបញ្ចេញបាច់ពន្លឺ Infrared ដែលមាននាទីបាញ់ពន្លឺ Infrared ទៅលើផ្ទៃមុខដើម្បីជួយឱ្យមុខងារ Face ID អាចដំណើរការបានទោះក្នុងទីងងឹត។

គួរបញ្ជាក់ថា Apple បានអភិវឌ្ឍប្រព័ន្ធកម្មវិធីបញ្ញានិម្មិតដ៏មានថាមពលសម្រាប់សម្របការប្រែប្រួល​នៅលើផ្ទៃមុខរបស់មនុស្សទូទៅ ដូចជា ពីស្គមទៅធាត់ ពីគ្មានពុកមាត់ ទៅមានពុកមាត់ ឬក៏តុបតែងមុខជាដើម។ ទោះយ៉ាងណា ប្រសិនបើអ្នកប្រើប្រាស់ពាក់ស្រោមមុខដូចជាក្នុងរឿងហូលីហ្វូននោះ Face ID មិនអាចថតចំណាំបានទេ ពោលគឺ វាទាមទារការប្រើមុខមាត់ពិតទើបអាចដោះសោបាន។

Iris Scanner របស់ Galaxy Note 8

ខណៈ Face ID ប្រើនូវទម្រង់ផ្ទៃមុខទាំងមូលដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាអ្នកប្រើប្រាស់ Iris scanner ប្រើត្រឹមតែ ប្រស្រីភ្នែកមួយប៉ុណ្ណោះ។ ប្រស្រីភ្នែកគឺជាភ្នាស់ស្តើងមួយហ៊ុមព័ទ្ធដោយសាច់ដុំភ្នែកពណ៌សរ រាងជាកងរង្វង់មានពណ៌ខុសៗគ្នាទៅតាមពូជសាសន៍ ហើយវារីករួមទៅតាមស្ថានភាពពន្លឺចាំងចូល។ មនុស្សម្នាក់ៗសុទ្ធតែមានគំរូប្រស្រីភ្នែកខុសៗគ្នាទាំងអស់ សូម្បីតែកូនភ្លោះ។ ដើម្បីថតប្រស្រីភ្នែកមនុស្សបាន Samsung តាមរយៈ Galaxy S8, S8+, និង Note 8 បានប្រើនូវបច្ចេកវិទ្យាសំខាន់ៗពីរគឺ៖

១- IR LED: នេះគឺស្រដៀងទៅនឹងបច្ចេកវិទ្យា Flood Illuminator របស់ iPhone X អីចឹងដែរ ដោយ IR LED របស់ Samsung ប្រើពន្លឺ Infrared ដើម្បីស្គេនប្រស្រីភ្នែកតែមួយមុខគត់ ខណៈ Flood Illuminator ប្រើស្គេនលើផ្ទៃមុខរបស់អ្នកប្រើប្រាស់ទាំងមូលតែម្តង។

២- Iris Camera: បន្ទាប់ពីស្គេនរួច កាមេរ៉ា Iris ថតចម្លងទុកនូវទម្រង់ប្រស្រីភ្នែកនោះ ហើយយកវាទៅរក្សាទុកក្នុងដើម្បីធ្វើការផ្គូរផ្គងជាមួយទិន្នន័យប្រស្រីភ្នែកពីមុនដើម្បីដោះសោចូលទៅកាន់កម្មវិធីទូរសព្ទខាងក្នុង។ Samsung ក៏មានផ្តល់នូវជម្រើសក្នុងការជ្រើសរើសឱ្យមុខងារនេះស្គេនប្រស្រីភ្នែកតែម្ខាង ឬទាំងសងខាងផងដែរ។

សន្និដ្ឋានៈ​ ដូចដែលបានបង្ហាញមកខាងលើ Face ID នៅលើ iPhone X និង​ Iris scanner នៅលើ​ Galaxy S8, S8+ និង​ Note 8 មានមូលដ្ឋានដំណើរការស្រដៀងគ្នា ប៉ុន្តែ របស់ Apple ហាក់ផ្តល់សុវត្ថិភាពជាង ដោយសារតែបច្ចេកទេសក្នុងការថតយកផ្ទៃមុខធ្វើឱ្យគេពិបាកនឹងលួចចម្លងតាម ខណៈរបស់ Samsung ត្រូវបានគេលួចបន្លំជាច្រើនករណីមកហើយ។ ទោះយ៉ាងណា គ្មានអ្វីដែលចេញមកភ្លាមល្អឥតខ្ចោះនោះទេ។ Face ID បានធ្វើឱ្យក្រុមហ៊ុនខ្មាស់ពិភពលោកម្តងរួចមកហើយ ក្នុងអំឡុងព្រឹត្តិការណ៍បើកបង្ហាញ iPhone X ដោយសារតែវាមិនអាចផ្ទៀងផ្ទាត់មុខមនុស្សត្រូវបាន។ ចំណែក មុខងារ Iris Scanner មានសក្តានុពលយកឈ្មោះ Face ID​ ច្រើនប្រសិនបើក្រុមហ៊ុន​ Samsung កែមុខងារផ្ទៀងផ្ទាត់ប្រស្រីភ្នែកឱ្យកាន់តែល្អប្រសើរឡើង ដើម្បីបិទផ្ទប់មិនឱ្យពួក Hacker ប្រើល្បិចបញ្ចោតជាមួយប្រស្រីភ្នែកក្លែងក្លាយបាន៕

ប្រភពព័ត៌មានៈ techradar

មតិយោបល់